(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានរស់នៅភូមិឡកំបោរ និងភូមិលូ (២ភូមិ) នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បានសម្ដែងនូវទឹកមុខញញឹម និងសប្បាយរីករាយយ៉ាងក្រៃលែង បន្ទាប់ពីកូនៗ របស់ពួកគាត់ទទួលបានការយកចិត្តទុកដាក់លើការផ្ដល់សេវាសាធារណៈ (សំបុត្រកំណើត) កាន់តែមានភាពងាយស្រួលជាងមុន ពោល «ធ្វើឲ្យបាន ធ្វើឲ្យលឿន និងមានតម្លាភាព» ពីក្រុមការងារអត្រានុកូលដ្ឋាន របស់រដ្ឋបាលសង្កាត់ស្វាយប៉ាក ក្រោមការណែនាំរបស់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ដែលជាផែនការរួមដាក់ចេញដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ក្នុងនាមមន្ត្រីមុខងារសាធារណៈ លោកស្រី ជុំ សារ៉ុម ចៅសង្កាត់ស្វាយប៉ាក ក្រោមការចូលរួមពីលោក សូ សុរ៉េន មេភូមិឡកំបោរ និងលោក ប៉ែន សារុន មេភូមិលូ ជាមួយអ្នកសរសេរសៀវភៅ (អត្រានុកូលដ្ឋាន) លោក សរ ជឿន ដែលជាមន្ត្រីជាប់កិច្ចសន្យា ក៏បានបង្ហើបឲ្យដឹងដោយសង្ខេបៗផងដែរថា ជុំវិញការផ្ដល់សេវាផ្សេងៗ ពិសេស (សំបុត្រកំណើត) ជូនកុមារៗដល់លំនៅដ្ឋាននេះ គឺបានអនុវត្តឡើងជាប្រចាំ ក្នុងការបង្ខិតសេវាឲ្យកាន់គៀកប្រជាពលរដ្ឋ បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ ពីសមាជិកពាក់ព័ន្ធនានា តាមបណ្ដាភូមិ សំដៅកាត់បន្ថយលើអ្នករត់ការក្រៅផ្លូវការ ដែលជាគោលបំណងសំខាន់បំផុត ដើម្បីរួមចំណែកកាត់បន្ថយលើការចំណាយនានា ជូនប្រជាពលរដ្ឋ៕