(ស្វាយរៀង)៖ លោក វ៉ា វុទ្ធី អនុប្រធានការិល័យអប់រំ យុវជន និងកីឡាស្រុកស្វាយទាប បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះថា មានសិស្សនៅអនុវិទ្យាល័យខ្ជាយ មានសភាពវិលមុខ ណែនទ្រូង ពិបាកដកដង្ហើម និងសន្លប់ ចំនួន ៦នាក់ (ស្រីទាំង៦នាក់) និងសិស្សវិទ្យាល័យ ហ៊ុន សែន ប្រសូតិ ចំនួន ៤នាក់ មានអាការៈមិនស្រួលខ្លួន។
ក្រោយពីបានបញ្ចូនមកដល់មន្ទីរពេទ្យបង្អែកស្រុកស្វាយទាប សិស្សទាំងអស់មានសភាពធូរស្រាលបន្តិចហើយ ប៉ុន្តែលោកគ្រូពេទ្យកំពុងតាមដានបន្តទៀតថា តើបណ្តាលមកពីមូលហេតុអ្វីឲ្យពិតប្រាកដ។
លោកបានបញ្ជាក់ថា មុនដំដូងសិស្សនៅវិទ្យាល័យ ហ៊ុន សែន ប្រសូតិម្នាក់ មានអាការៈមិនស្រួលវិលមុខ ពេលនោះសិស្សដ៏ទៃទៀតបានឃើញដូច្នេះ ក៏មានអារម្មណ៍ភ័យក៏វិលមុខតាមគ្នា ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យប្រតិបត្តិស្រុកដើម្បីសង្គ្រោះបន្ទាន់។ ចំណែកសិស្សនៅអនុវិទ្យាល័យខ្ជាយ ក៏មានអាការៈថប់ដង្ហើម វិលមុខសន្លប់ អស់កម្លាំងក៏ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកស្រុកភ្លាមៗផងដែរ។
លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានឲ្យដឹងថា ឆ្លងកាត់តាមការចុះពិនិត្យជាក់ស្តែងជាមួយប្រធានមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប និងមន្ត្រីមន្ទីរសុខាភិបាលខេត្តស្វាយរៀង ដល់ទីកន្លែងផ្ទាល់ជាមួយការិយាល័យអប់រំស្រុកស្វាយទាប និងលោក លោកស្រីអភិបាលរងស្រុក បានធ្វើការសន្និដ្ឋានជាបឋមថា បញ្ហាដួលសន្លប់បណ្ដាលមកពីអាកាសធាតុហួតហែង សាលារៀនពុំមានកង្ហាល់ប្រើប្រាស់ សិស្សតមចំណីអាហារសម្រកទម្ងន់ និងសិស្សខ្លះមានសុខភាពខ្សោយ។
លោក តូច ប៉ូលីវ៉ា បានបញ្ជាក់ថា កាលពីល្ងាចមិញនេះ ដោយមានការណែនាំដោយផ្ទាល់ពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង លោកបានចុះទៅផ្ទាល់ដើម្បីសួរសុខទុក្ខសិស្សានុសិស្សចំនួន ១០នាក់ នៅមន្ទីរពេទ្យបង្អែកស្វាយទាបដើម្បីរកមូលហេតុឲ្យច្បាស់លាស់។
សូមបញ្ជាក់ថា ករណីសិស្សដួលសន្លប់នេះបានកើតឡើងកាលពីកាលល្ងាចម៉ោង៤៖៤០នាទីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០៕