(កំពង់ឆ្នាំង)៖ ដីលិចទឹកតំបន់២ ប្រមាណជាង ១ហិកតា នៅក្នុងភូមិប៉ាហ៊ី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានក្រុមហ៊ុនពុះដីឡូត៍លក់មួយ បានជីកកាយដី មានជម្រៅរហូតប្រមាណ ៥ម៉ែត្រ គ្មានច្បាប់អនុញ្ញាតពីស្ថាប័នជំនាញ និងអាជ្ញាធរ ត្រូវបានមន្ត្រីជលផល ចុះហាមឃាត់មិនឲ្យធ្វើសកម្មភាពជាបណ្តោះអាសន្ន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ដោយត្រូវរង់ចាំម្ចាស់ក្រុមហ៊ុននោះយកលិខិតអនុញ្ញាតមកបង្ហាញជំនាញសិន ទើបឲ្យធ្វើសកម្មភាពបន្តទៀត។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ក្នុងពេលចុះពិនិត្យមើលរណ្តៅដី បានបញ្ជាក់ថា ការជីកកាយដីនៅក្នុងតំបន់២ ត្រូវតែមានច្បាប់អនុញ្ញាតរបស់ជំនាញ អាជ្ញាធរស្រុក និងខេត្ត ទើបធ្វើទៅបាន។ ប៉ុន្តែក្នុងពេលក្រុមការងារខណ្ឌរដ្ឋបាលជលផលរបស់លោក ចុះមកពិនិត្យដល់រណ្តៅដី ដែលមានទំហំជាង ១ហិកតា និងមានជម្រៅប្រមាណ ៥ម៉ែត្រទៅហើយ តែលោកមេការជីកដីម្នាក់ បានមកជួបក្រុមការងារលោក តែគាត់ពុំមានកាន់លិខិតស្នាមច្បាប់ជីកកកាយដីក្នុងតំបន់២នេះ មកបង្ហាញមន្ត្រីជំនាញឡើយ។
ក្រោយពីពិនិត្យមើលមិនឃើញបង្ហាញលិខិតស្នាម លោកនាយខណ្ឌ បានប្រាប់លោកមេការរូបនេះ ឲ្យផ្អាកសកម្មភាពជីកកាយដីតំបន់២នេះសិន ហើយថ្ងៃស្អែកត្រូវយកច្បាប់អនុញ្ញាទៅបង្ហាញ ខណ្ឌរដ្ឋបាលជលផលនៅទីស្នាក់ការ ប៉ុន្តែបើគ្មានច្បាប់អនុញ្ញាតឲ្យជីកដីនេះទេ គឺក្រុមហ៊ុននឹងមិនត្រូវជីកកាយដីនេះទៀតបានឡើយ តែបើគេនៅតែបំពាននោះ សមត្ថកិច្ចជលផល និងអនុវត្តនីតិវិធី ដោយចាប់ឃាត់គ្រឿងចក្រ និងរថយន្តដឹកដីទាំងអស់នោះកសាងសំណុំរឿងតាមផ្លូវច្បាប់។
ដោយឡែកនៅល្ងាចថ្ងៃទី២០ ខែមករា តាមរយៈលេខទូរសព្ទនៅលើផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មពុះដីឡូតិ៍លក់ បុរសតំណាងក្រុមហ៊ុន បានឆ្លើយបញ្ជាក់តាមទូរសព្ទថា ការជីកដីស្រះ ខាងលើនេះយកមកចាក់កន្លែងដីឡូតិ៍ គឺលោកមានច្បាប់អនុញ្ញាតពីមេឃុំអណ្តូងស្នាយ ដែលដំបូងឡើយលោកគិតថា នឹងជីកដីស្រះនោះតែ២ម៉ែត្រប៉ុណ្ណោះ តែពេលខ្វះអាចម៍ដី គឺចេះតែជីកជ្រៅបន្តទៀតទៅ ដោយពុំបានសុំច្បាប់ពីជលផលឡើយ តែថ្ងៃស្អែកលោកនឹងទៅជួបមន្ត្រីជលផល ដើម្បីសុំច្បាប់ជីកដីនោះធ្វើជាស្រះចិញ្ចឹមត្រីតែម្តង។
ទាក់ទងនិងការជីកស្រះចិញ្ចឹមត្រីនៅក្នុងតំបន់២នេះ តាមច្បាប់ស្រះមានទំហំ ៥០ម៉ែត្រ ៤ជ្រុង សិទ្ធិសម្រេចត្រឹមថ្នាក់ខេត្ត បើលើសពីទំហំនេះ សិទ្ធិសម្រេចគឺនាយកដ្ឋានរដ្ឋបាលជលផល និងក្រសួងកសិកម្ម៕