(ភ្នំពេញ)៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ បាន និងកំពុងបើកការស៊ើបសួរលើយុវសិស្ស នី លីស៊ាង ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សសាលាអន្តរទ្វីបអាមេរិកាំក (AIS) ក្នុងសំណុំរឿងបង្កហិង្សាវាយសិស្សប្រុសម្នាក់ទៀត ដែលរៀននៅសាលាជាមួយគ្នា រហូតដល់ស្លាប់។
យុវជនខាងលើនេះ ត្រូវបានសមត្ថកិច្ចនគបាលព្រហ្មទណ្ឌបឹងកេងកង នៃស្នងរាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ដើម្បីចាត់ការតាមនីតិវិធី ពាក់ពន្ធ័ករណីហិង្សាបណ្តាលស្លាប់យុវសិស្សដូចគ្នា។
យុវសិស្សរងគ្រោះឈ្មោះ សំ សន្ធិវង្ស ភេទប្រុស អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៩(ឃ) នៃសាលាអន្តរទ្វីប អាមេរិចកាំង ត្រូវបានជនសង្ស័យខាងលើវាយរហូតដល់ស្លាប់ ពេលបញ្ជូលមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកេីតឡេីងកាលពីវេលាម៉ោង ៤៖៤០នាទីរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្លូវ១៨៧ ជាប់របងសាលាអន្តរទ្វីបអាមេរិកាំង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពពីមិត្តភ័ក្ត្របានឲ្យដឹងថា នៅមុនកើតហេតុ ជនរងគ្រោះ និងជនសង្ស័យខាងលេីមានទំនាស់ពាក្យសម្តីជាមួយគ្នា ដោយប្រើពាក្យសម្តី «អាមឹង» ហើយក៏បានណាត់គ្នាវាយមួយទល់មួយ នៅផ្លូវ៤០២ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ចៃដន្យជនរងគ្រោះត្រូវដៃដល់វាយដួលសន្លប់ ហើយត្រូវមិត្តភ័ក្ត្ររួមថ្នាក់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សុី។ ប៉ុន្តែត្រូវបានគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។ ភ្លាមៗជនដៃដល់ក៏បានរត់គេចខ្លួនផងដែរ។
ក្រោយពីកេីតហេតុមានករណីខាងលេីនេះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍បានសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌ បានចុះមកដល់កន្លែងកើតហេតុ និងបានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនដៃដល់ខាងលើបាននៅផ្ទះជនសង្ស័យតែម្តង៕