(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅបន្ដឆ្នាំ២០២០។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ភ្ញៀវកិត្ដិយសជាតិ និងអន្ដរជាតិជាច្រើនរូបទៀត។ ពិធីនេះក៏មានការប្រគល់ប័ណ្ណសរសើរដល់ក្រសួង ស្ថាប័ន និងអង្គភាពសារព័ត៌មាន ដែលបានចូលរួមផ្សព្វផ្សាយសកម្មភាពផ្សេងៗ ដែលពាក់ព័ន្ធនឹងចរាចរណ៍នេះផងដែរ។
យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សម្រាប់ឆ្នាំ២០១៩ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ មានចំនួន១,៩៨១នាក់ ដែលចំនួននេះមានការកើនលើសពីឆ្នាំ២០១៨ ចំនួន២២០នាក់។ ចំណែកអ្នករងរបួសមាន ចំនួន៦,១៤១នាក់ កើនជាងឆ្នាំ២០១៨ ចំនួន១,៣៧១នាក់។
ដោយសារចរាចរណ៍មានភាពមមាញឹកខ្លាំង កំណើនយានយន្ត មានការកើនដល់៣៧ភាគរយ ដែលក្នុងនោះការអភិវឌ្ឍប្រទេស និងសេដ្ឋកិច្ចមានការរីកចម្រើន ហេតុដូច្នេះទើបធ្វើឲ្យមានការកើនឡើង អត្រាគ្រោះថ្នាក់ចរាចរណ៍២៦ភាគរយ និងចំនួនអ្នកស្លាប់ មានការកើនឡើងចំនួ២២០នាក់ ស្មើនិង១២ភាគរយ និងចំនួនអ្នករបួសកើនឡើង២៩ភាគរយ បើប្រៀបធៀបជាមួយ ឆ្នាំ២០១៨។
កត្តាដែលនាំឲ្យមានការកើនឡើង នៃចំនួនគ្រោះថ្នាក់ចរាចរណ៍ទី១៖ ដោយសារកត្តាសត្យានុម័ត ចរាចរណ៍មានភាពមមាញឹក និងទី២៖ ការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិត ដែលក្នុងនោះរួមមាន ការបើកបរលើសល្បឿនកំណត់, ការមិនគោរពសិទ្ធិអាទិភាព, បញ្ហាវ៉ាជែង, បត់ខ្វះការប្រុងប្រយ័ត្ន និងបញ្ហាបើកបរពេលស្រវឹងផងដែរ៕