(ភ្នំពេញ)៖ ថវិកា ៥ម៉ឺនដុល្លាររបស់សមាគមជាតិកាកបាទក្រហមចិន ដែលបានផ្តល់ជូនកាកបាទក្រហមកម្ពុជា, ត្រូវបានប្រគល់ជូនដល់ក្រុមគ្រួសារសពទាំង៣៦នាក់ និងអ្នករងរបួស២៣ ដោយសារឧបទ្ទវហេតុបាក់រលំអាគារនៅខេត្តកែបរួចរាល់ហើយ។
បន្ទាប់ពីទទួលបាននូវថវិការបស់កាកបាទក្រហមចិន កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០, ភ្លាមៗនោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យតំណាងចុះសួរសុខទុក្ខ ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងនាំយកថវិកានេះ ទៅប្រគល់ជូនក្រុមគ្រួសារសព ទាំង៣៦នាក់ (ប្រុស២២នាក់, ស្រី១៤នាក់) និងអ្នករងរបួសទាំង២៣នាក់ (ប្រុស១៥នាក់,ស្រី៨នាក់) នៅតាមខេត្តចំនួន១០។
ខេត្តទាំង១០នោះ រួមមាន៖ ខេត្តកំពត ព្រៃវែង ស្វាយរៀងកណ្តាល ព្រះសីហនុ តាកែវ កំពង់ធំ បន្ទាយមានជ័យ រតនគិរី បាត់ដំបង។
ក្នុងឱកាសនោះ មានលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ និងលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការងទី១ និងលោក យូ ឡាណា អគ្គលេខាធិការរងទី២ នៃកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ-មន្ត្រីកាកបាទក្រហមកម្ពុជា បានអញ្ជើញទៅតាមមុខព្រួញគោលដៅចំនួន៤គោលដៅ។
ក្នុងនោះ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងសម្តែងការសោកស្តាយ យ៉ាងក្រៃលែងចំពោះសោកនាដកម្ម ដែលបានកើតឡើង ចំពោះគ្រួសារជនរងគ្រោះទាំងអស់។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានជូនពរដល់អ្នករងរបួសទាំងអស់ ឆាប់បានជាសះស្បើយឡើងវិញ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធ សពជនរងគ្រោះ បានទៅកាន់សុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានោះដែរ មន្ត្រីថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ក៏បានថ្លែងប្រាប់ដល់គ្រួសារសព និងអ្នករងបួសផងដែរថា រដ្ឋាភិបាល ក៏ដូចជាសមាគមជាតិកាកបាទក្រហមចិន សូមចូលរួមចំណែករំលែកទុក្ខដ៏ក្រៀមក្រំ ដល់ពលរដ្ឋយើង ដែលរងគ្រោះក្នុងឧបទ្ទវហេតុបាក់រលំអាគារនៅខេត្តកែបកាលពីពេលថ្មីៗ ហើយកាកបាទក្រហមចិន ក៏បានផ្តល់ថវិកា៥ម៉ឺនដុល្លារ តាមរយៈកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមចំណែកសម្រាលការលំបាករបស់ជនរងគ្រោះផងដែរ។
ដូច្នេះក្រុមការងារកាកបាទក្រហមកម្ពុជា ក៏បានចុះមកសួរសុខទុក្ខ និងប្រគល់ថវិកាជូនដល់គ្រួសារសព និងអ្នករងគ្រោះភ្លាមៗតែម្តង។
គួរបញ្ជាក់ថា មិត្តចិន ក៏ដូចជាសមាគមជាតិកាកបាទក្រហមចិន ជានិច្ចកាលតែងតែជួយដល់ប្រជាជនកម្ពុជា គ្រប់ពេលវេលាដែលជួបនឹងទុក្ខលំបាក។
សម្រាប់ថវិការបស់កាកបាទក្រហមចិន បានប្រគល់ដល់ក្រុមគ្រួសារ អ្នកស្លាប់ទាំង ៣៦នាក់ ក្នុងម្នាក់ៗថវិកា ១,០៦៩ដុល្លារ និងអ្នករបួសម្នាក់៥០០ដុល្លារ៕