(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យប្រតិភូកូរ៉េ អញ្ជើញមកពី The Korea Rural Community Coroperation (KRC) ចូលជួបសម្តែងការគួរសម និងពិភាក្សា អំពីគម្រោងស្តីពី ការបង្កើតទីតាំងដាំដុះ និងវេចខ្ចប់បន្លែខ្នាតធំ នៅក្នុងប្រទេសកម្ពុជា «Establishment of Demonstrative Vegetable Production Complex in Cambodia»។
ក្នុងកិច្ចជំនួបដែលរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងកសិកម្ម នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ប្រតិភូកូរ៉េ អញ្ជើញមកពី KRC ដឹកនាំដោយ Mr. Park Kiwook នាយកគ្រប់គ្រងការិយាល័យ អភិវឌ្ឍកសិកម្មនៅបរទេស នៃក្រសួងកសិកម្មកូរ៉េ។ គម្រោងនេះ ដែលគ្រោងនឹងបង្កើត នៅខេត្តមណ្ឌលគីរី នាឆ្នាំ២០២០។
លោករដ្ឋមន្ត្រី វេង សាខុន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះប្រតិភូដែលបានអញ្ជើញ មកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលនេះ និងជាពិសេស បានអញ្ជើញ ទៅធ្វើទស្សនកិច្ច នៅខេត្តមណ្ឌលគីរី ហើយទស្សនកិច្ចនេះ ពិតជាមានសារសំខាន់ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា និងក្រសួងកសិកម្មកូរ៉េ ឲ្យកាន់តែរឹងមាំ។
មិនត្រឹមតែប៉ុណ្ណោះ វាជាការបើកផ្លូវឲ្យ KRC មកសិក្សាស្វែងយល់បន្ថែម អំពីសក្តានុពលដំណាំដំឡូងបារាំង នៅខេត្តមណ្ឌលគីរី និងបន្លែសំខាន់ផ្សេងៗទៀត ដើម្បីរៀបចំគម្រោងអភិវឌ្ឍដំណាំនេះ និងបន្លែ នៅខេត្តនេះ ក្នុងឆ្នាំ២០២០ ដែលបច្ចុប្បន្ន KRC បាននិងកំពុងសហការ ជាមួយអគ្គនាយកដ្ឋានកសិកម្ម ធ្វើការសិក្សាលម្អិត ទៅលើស្ថានភាព ទូទៅទាក់ទងគុណភាពដី ទឹក អាកាសធាតុ ផលិតកម្ម ពូជ ទីផ្សារ និងបច្ចេកទេស -ល-។
លោក PARK Kiwook បានថ្លែងអំណរគុណ លោករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យលោក និងសហការី ចូលជួបដើម្បីសម្តែងការគួរសម និងពិភាក្សាការងារទាក់ទង នឹងកម្មវត្ថុខាងលើ។ លោក បានជម្រាបជូន លោករដ្ឋមន្ត្រីថា KRC មានចំណាប់អារម្មណ៍ លើផលិតកម្មដំឡូង បារាំង និងប្រភេសបន្លែសំខាន់ៗ ដែលកសិករកំពុងផលិត នាពេលបច្ចុប្បន្ន។
ដោយយល់ឃើញថា ខេត្តមណ្ឌលគីរី មានសក្តានុពលល្អ សម្រាប់ផលិតកម្មដំឡូងបារាំង និងបន្លែ ដោយយោងលើស្ថានភាពភូមិសាស្រ្ត និងអាកាសធាតុល្អ សម្រាប់ផលិតកម្មដំឡូងបារាំង កម្ពុជា មានសក្តានុពល ប៉ុន្តែគ្រាន់ថា ផលិតកម្មនេះ នៅមិនទាន់បានអនុវត្ត ឲ្យបានពេញលេញ និងត្រឹមត្រូវលើខ្សែច្រវាក់ផលិតកម្ម និងទីផ្សារដែលជាដើមហេតុចំបង ធ្វើឲ្យផលិតកម្មនេះ មិនអាចធ្វើការផ្គត់ផ្គង់ ឲ្យទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់។
ហើយដែលតម្រូវឲ្យកម្ពុជា ធ្វើការនាំចូល ហេតុនេះ នាពេលអនាគតគម្រោងនេះ គ្រោងនឹងបង្កើនផលិតភាព ផលិតកម្មដំឡូងបារាំង និងបន្លែផ្សេងៗទៀត ដើម្បីផ្គត់ផ្គង់ ឲ្យទីផ្សារក្នុងស្រុក និងឈានទៅធ្វើការ កាត់បន្ថយបរិមាណនាំចូល និងជាពិសេសចូលរួមបង្កើតការងារ ជូនប្រជាពលរដ្ឋដែលភាគច្រើន ជាជនជាតិដើមភាគតិច និងបង្កើនប្រាក់ចំណូល។ នេះជាការបញ្ជាក់បន្ថែម របស់លោក PARK Kiwook។
លោករដ្ឋមន្ត្រី វេង សាខុន បានសម្តែងនូវសុទិដ្ឋិនិយមគាំទ្រលើគម្រោងនេះ ដោយហេតុថា កន្លងមកផលិតកម្មដំឡូងបារាំងនៅកម្ពុជា ជាទូទៅកសិករ មិនសូវនិយមដាំដុះ ទើបតែប៉ុន្មានឆ្នាំចុងក្រោយ ដែលមានគម្រោង ដែលឧបត្ថម្ភ ដោយអង្គការ KOPIA KOREA សហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ធ្វើការសិក្សាស្រាវជ្រាវដាំសាកល្បង នៅខេត្តមណ្ឌលគីរី។
លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា លទ្ធផលនៃការសិក្សានេះ បានបង្ហាញឲ្យឃើញថា ដំណាំមានការលូតលាស់ល្អ និងផ្តល់ទិន្នផលគួរជាទីពេញចិត្ត។
ហេតុនេះ លោកបានសម្តែងនូវការគាំទ្រ និងលើកទឹកចិត្ត ហើយសន្យាថា នឹងផ្តល់កិច្ចសហការ ឲ្យបានពេញលេញ និងជាពិសេសលោកបានណែនាំ ឲ្យអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវបន្តផ្តល់កិច្ចសហការ ឲ្យបានល្អជាមួយ KRC ដើម្បីឲ្យគម្រោងនេះ ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ តាមការរំពឹងទុក គឺខេត្តមណ្ឌលគីរី អាចផលិតដំឡូងបារាំងបាន នាពេលអនាគតដ៏ខ្លី៕