(ភ្នំពេញ)៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចាត់តាំង លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំបន្ទាន់ ស្ដីពីករណីបាតុភាពទំនាស់ហិង្សា ដែលបង្កដោយយុវតី៤រូបមកពីវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ និងសាលាទួនហ្វា ទៅលើយុវតីមួយរូបនៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្នុងគោលបំណងណែនាំដល់អាណាព្យាបាល និងសិស្សបង្កដូចតទៅ៖
* ទទួលស្គាល់កំហុសដែលខ្លួនបានប្រព្រឹត្ត
* សូមអភ័យទោសចំពោះសកម្មភាពដែលខ្លួនបានប្រព្រឹត្តកន្លងមក
* ប្ដេជ្ញាចិត្តមិនឲ្យសកម្មភាពនេះកើតឡើងជាថ្មី
* ធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរដើម្បីតម្កល់ទុកជាឯកសារ
សូមជម្រាបថា ជាធម្មតា ក្រសួងអប់រំដាក់ទណ្ឌកម្មទៅលើសិស្សានុសិស្ស ដែលប្រព្រឹត្តខុសពីបទបញ្ជាផ្ទៃ ក្នុងសាលាមាន៣កម្រិត៖
ទី១៖ ស្ដីបន្ទោសជាលាយលក្ខណ៍អក្សរ
ទី២៖ ស្ដីបន្ទោសដោយចារលើសៀវភៅសិក្ខាគារិក
ទី៣៖ បញ្ឈប់ការសិក្សា
ក្នុងឱកាសនៃកិច្ចប្រជុំនេះ ប្រធានមន្ទីររាជធានីភ្នំពេញ បានទូន្មានដល់សិស្សបង្កទាំង៤នាក់ និងសំណូមពរដល់អ្នកអាណាព្យាបាល បញ្ឈប់ការគុំកួនគ្នា និងបញ្ឈប់សកម្មភាពហិង្សាខ្វះសីលធម៌ល្មើសវិន័យ, គោរពបទបញ្ជាផ្ទៃក្នុងសាលា និងខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្ស មានប្រយោជន៍សម្រាប់សង្គម, សូមអាណាព្យាបាលសិស្សជួយអប់រំណែនាំកូនបន្ថែមនៅក្រៅម៉ោងសិក្សា និងតាមដានការសិក្សាកូន និងអាណាព្យាបាល ត្រូវសហការជាមួយសាលាពាក់ព័ន្ធនឹងការសិក្សារបស់សិស្ស។
ដោយឡែក ក្នុងឱកាសនោះផងដែរ អាណាព្យាបាលសិស្សបង្កក៏បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំក្រសួង អភិបាលរាជធានីភ្នំពេញ មន្ទីរ គណៈគ្រប់គ្រងសាលា ដែលបានយកចិត្តទុកដាក់ចំពោះករណីនេះ ព្រមទាំងសន្យាថា នឹងធ្វើការណែនាំអប់រំកូនៗ ព្រមទាំងចូលរួមសហការ ជាមួយសាលា បញ្ឈប់សកម្មភាពដែលធ្លាប់កើតឡើងកន្លងមក។
ជាមួយគ្នានេះសិស្សបង្កទាំង៤នាក់ ក៏បានបង្ហាញការសោកស្ដាយ ចំពោះទង្វើដែលខ្លួនបានប្រព្រឹត្តកន្លងមកសន្យាថា មិនឲ្យសកម្មភាពនេះកើតឡើងជាថ្មី ដោយខិតខំរៀនសូត្រធ្វើជាកូនល្អ សិស្សល្អ មិត្តល្អ។
យុវសិស្ស ស្រ៊ុន កែវមរកត ដែលជាជនរងគ្រោះ និងម្តាយបានលើកលែងទោស ចំពោះសិស្សបង្កទាំង៤នាក់ មិនមានការគុំកួនបន្ត និងសំណូមពរសិស្សានុសិស្សទូទាំងប្រទេសមេត្តាកុំយកគំរូតាម ដោយខិតខំរៀនសូត្រ និងសូមអាណាព្យាបាលទាំងអស់យកចិត្តទុកដាក់ ចំពោះការសិក្សាកូនៗរបស់ខ្លួន៕