(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋចំនួន២,៩៨៩នាក់ នៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ទទួលបានការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ជាមួយនឹងសកម្មភាពមនុស្សធម៌នេះត្រូវបានប្រជាពលរដ្ឋក្នុងខេត្តទាំងមូល មានការត្រេកអរ និងអរគុណជាខ្លាំង ចំពោះការខិតខំព្យាបាលជំងឺជូនដល់ពួកគាត់។
លោក ហ៊ុន ម៉ានី តំណាងរាស្ត្រវ័យក្មេងមណ្ឌលកំពង់ស្ពឺ, ប្រធានគណៈកម្មការទី៧រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា, ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចំនួន៥១៣នាក់ ដើម្បីចុះពិនិត្យព្យាបាលជំងឺ និងចែកថ្នាំពេទ្យជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ប្រមាណជិត៣,០០០នាក់ នៅសាលារៀនបឋមសិក្សាប្រជុំមិត្ត ភូមិខ្វិត ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
នាឱកាសនៃការចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺនោះ លោក ហ៊ុន ម៉ានី បានថ្លែងពីសារៈសំខាន់នៃសន្តិសុខ ដែលនាំឲ្យមានសន្តិភាព និងការថ្លែងអំណរគុណ ដល់សុខសន្តិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា បាននាំយកមកជូនប្រជាជនកម្ពុជា នៅទូទាំងប្រទេស ធ្វើឲ្យកម្ពុជាមានសុខសន្តិភាពដូចសព្វថ្ងៃនេះ។
សូមជម្រាបជូនថា ជំងឺដែលបានព្យាបាលជូនប្រជាពលរដ្ឋរួមមាន៖ ជំងឺទូទៅ ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឫសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយះខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង ផ្នែកប្រព័ន្ធប្រសាទនិងបំបាត់ការឈឺចុកចាប់ មន្ទីរពិសោធន៍(វិភាគឈាម) វះកាត់តូច និងព្យាបាលរបួស ...។ល។
ជាមួយគ្នានេះដែរ លោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានឲ្យដឹងថា ក្នុងរយៈពេល៨៥ខែ (ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១២ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០) រយៈពេល៨ឆ្នាំ ដែលគិតចាប់ពីថ្ងៃបង្កើតក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន២១៤លើក ជាពិសេសដោយមានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានចូលរួមចំនួន៤,២៧៥នាក់ (បួនពាន់ពីរយចិបសិបប្រាំនាក់) បានពិនិត្យ និងព្យាបាលជំងឺ ព្រមទាំងចែកថ្នាំដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋបានចំនួន៥២០,៤៦១នាក់ (ហាសិបពីរម៉ឺនសូន្យពាន់បួនរយហុកសិបមួយនាក់) ក្នុងនោះស្ត្រីមានចំនួន៣៤៩,៨៩១នាក់ (សាមសិបបួនម៉ឺនប្រាំបួនពាន់ប្រាំបីរយកៅសិបមួយនាក់)។
ប្រជាពលរដ្ឋម្នាក់ឈ្នោះ សុខ ចាន់ រស់នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានថ្លែងរៀបរាប់ទាំងទឹកចិត្តសប្បាយរីករាយថា រូបលោកពិតជាមានការសប្បាយរីកជាខ្លាំង ដោយបានឃើញ និងមកដល់របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី រួមជាមួយនឹងការព្យាបាលដោយមិនខ្លាចពីភាពនឿយហត់ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋក្នុងប្រទេសមានសុខភាពល្អ និងជាពិសេសនោះ ការព្យាបាលនេះគឺមិនមានបង់ថ្លៃនោះទេ។
បន្ថែមពីនេះលោក ចាន់ ក៏បានសំណូមពរដល់ក្រុមគ្រូពេទ្យរបស់លោក ហ៊ុន ម៉ានី ឧស្សាហ៍ចុះមកស្រុករបស់គាត់ ដើម្បីព្យាបាលជូនប្រជាពលរដ្ឋទាំងក្មេង និងចាស់។ ជាមួយគ្នានោះលោក ចាន់ ក៏បានថ្លែងអំណរគុណដល់ លោក ហ៊ុន ម៉ានី ដែលបានបញ្ជូនក្រុមការងារមកដល់ស្រុករបស់គាត់ និងជូនពរដល់ក្រុមការងារទាំងអស់មានសុខភាពល្អគ្រប់ៗគ្នាផងដែរ។
បើតាមរបាយការណ៍ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះទៅពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានបង្ហាញឲ្យឃើញថា៖ ជំងឺកុមារ១៧៨នាក់, ជំងឺស្រ្តី១២៧នាក់, ជំងឺផ្លូវចិត្ត១៦៩នាក់, ជំងឺឫសដូងបាត១៨៣នាក់, ជំងឺសន្លាក់ឆ្អឹង៩១នាក់, ជំងឺរលាកសួត៦៧នាក់, ជំងឺត្រចៀក ច្រមុះបំពង់ក១០៦នាក់, ជំងឺភ្នែក១២៨នាក់, ជំងឺសើរស្បែក១៤៥នាក់, ជំងឺទឹកនោមផ្អែ២៨៣នាក់, ជំងឺមាត់ធ្មេញ៥៩នាក់, អេកូសាស្ត្រ១៣៧នាក់, ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយៈខ្យល់ដង្ហើម៦១នាក់, វាស់ចង្វាក់បេះដូង៦៤នាក់, ផ្នែកប្រព័ន្ធប្រសាទ និងបំបាត់ការឈឺចុកចាប់១៧២នាក់, វិភាគឈាមនិងបន្ទប់ពិសោធន៍៤៧៧នាក់, ព្យាបាលរបួសនិងវះកាត់តូច៤៩នាក់ និងជំងឺទូទៅ៤៩៣នាក់៕