(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជួយផ្សព្វផ្សាយអំពីកលល្បិចជនល្មើស លួងលោមបោកបញ្ឆោតការជួញដូរមនុស្ស ឲ្យបានទូលំទូលាយទៅដល់មូលដ្ឋាននិងសាលារៀន។
លោកបានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីអបអរសាទរទិវាជាតិលើកទី១៣ ប្រយុទ្ធឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ២០១៩ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីប្រធានអង្គភាពមន្ទីរជុំវិញខេត្ត មន្ត្រីរាជការនិងសិស្សានុសិស្សជិត ៥០០នាក់។
លោក សុខ លូ ក្នុងនាមជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ខ.ប.ជ បានលើកឡើងថា អំពើជួញដូរមនុស្ស គឺជាបទឧក្រិដ្ឋ ដែលជនល្មើសធ្វើការជួញដូរមនុស្ស ដោយប្រើប្រាស់គ្រប់កលល្បិច គ្រប់រូបភាព ដើម្បីកេងប្រវ័ញ្ច រំលោភបំពានលើមនុស្ស ដោយមិនខ្វាយខ្វល់ពីទុក្ខវេទនា និងអាយុជីវិតរបស់មនុស្ស ដែលបង្កើតជាក្តីកង្វល់ដល់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់ទីកន្លែង។
លោកបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជានៅតែចាត់ទុកការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាអាទិភាពមួយ ក្នុងចំណោមអាទិភាពជាច្រើន សម្រាប់ការលើកកម្ពស់សន្តិសុខ និងសុវត្ថិភាពសង្គម ក៏ដូចជាលើកកម្ពស់ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរបស់មនុស្ស។ រូបភាពនៃអំពើជួញដូរមនុស្ស មិនត្រឹមតែជាការជួញដូរ ឬកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទប៉ុណ្ណោះទេ ថែមទាំងមានការជួញដូរសរីរាង្គ និងបទល្មើសរត់ពន្ធ ឬជួញដូរទារកឆ្លងដែន។
លោកថា «យើងមិនត្រូវអត់ឱនឲ្យពួកនេះបានឡើយ យើងត្រូវខិតខំតាមដានស្វែងរកមុខសញ្ញា ដើម្បីយកមកអនុវត្តនីតិវិធីផ្តន្ទាទោសតាមច្បាប់ ត្រូវចាត់ទុករឿងការជួយញដូរមនុស្សជារឿងយើង ទាំងអស់គ្នា ជាពិសេសឪពុកម្តាយត្រូវធ្វើការអប់រំសីលធម៌ ចរិយាធម៌ឲ្យដល់កូនចៅរបស់ខ្លួន»។
ទន្ទឹមនឹងនោះលោក សុខ លូ បានថ្លែងអំណរគុណដល់កងកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមគ្នា ដោះស្រាយបញ្ហាចំពោះមុខ ដោយមិនខ្លាចនឿយហត់ ពុះពារប្រឆាំងដាច់ខាតទៅនឹងសកម្មភាពរបស់ឧក្រិដ្ឋជន ស្របទៅតាមទិសដៅនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបុព្វហេតុសន្តិសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិ។
ជាមួយគ្នានេះដែរលោកស្រី លំ គន្ធារី ប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ខ.ប.ជ បានធ្វើរបាយការណ៍សង្ខេបពីបទល្មើសកើតឡើង ២៦ ករណី ក្នុងនោះរួមមាន៖
*រំលោភសេពសន្ថវៈ ៨ករណី
*អំពើហិង្សាក្នុងគ្រួសារ ៤ករណី
*ករណីប្រទូស្តកេរ្តិ៍ ២ករណី
*អំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធឬអនីតិសង្វាសជន ៦ករណី
*ករណីកេងប្រវ័ញ្ចពលកម្មនៅប្រទេសម៉ាឡេស៊ីចំនួន២ ករណី
*ករណីរួមភេទជាមួយអនីតិជនក្រោមអាយុ ១៥ឆ្នាំ ៣ករណី
*ករណីប៉ុនប៉ងរំលោភសេពសន្ថវៈ ១ករណី៕