(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានថ្លៃងថា នៅឆ្នាំ២០២០នេះ ថវិកាជាតិសម្រាប់រដ្ឋបាលឃុំ-សង្កាត់ បានកើនឡើងដល់ទៅជាង ១២ម៉ឺនដុល្លារ ក្នុងនោះ ថវិកាមូលនិធិយ៉ាងតិច ៧ម៉ឺនដុល្លារ សម្រាប់អភិវឌ្ឍន៍មូលដ្ឋាន ដើម្បីជាប្រយោជន៍ជូនប្រជាពលរដ្ឋ។
នេះជាការលើកឡើងរបស់លោកអភិបាលខេត្ត នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០ ២០។
លោកអភិបាលខេត្តបានថ្លែងថា នៅឆ្នាំ២០២០នេះ ថវិកាជាតិសម្រាប់រដ្ឋបាលថ្នាក់ឃុំ សង្កាត់ និងធ្វើការអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់ខ្លួន មានការកើនឡើងជាងឆ្នាំមុន ពោលគឺរាជរដ្ឋាភិបាល បានផ្ដល់ជូនសំរាប់រដ្ឋបាលឃុំ-សង្កាត់នីមួយៗយ៉ាងទាបបំផុត ៧ម៉ឺនដុល្លារ ពោលថវិកាសម្រាប់មូលនិធិឃុំ-សង្កាត់នេះ បានកើនឡើងទ្វេដងនៃឆ្នាំកន្លងទៅ ដូច្នេះក្នុងឆ្នាំ២០២០នេះ អាជ្ញាធរខេត្តយើងរំពឹងទុកថា ការអភិវឌ្ឍន៍តាមមូលដ្ឋានឃុំ-សង្កាត់ នឹងមានការកើនឡើង សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋយើង។
ទន្ទឹមនឹងនោះដែរ លោកអភិបាលខេត្ត ក៏បានថ្លែងក្រើនរំលឹកដល់មន្ត្រីរដ្ឋបាលឃុំ-សង្កាត់ទាំងអស់ ពិសេសគឺស្មៀន ត្រូវខិតខំប្រឹងប្រែងបង្កើនសមត្ថភាពនៅក្នុងការរៀបចំឯកសារ ធ្វើរបាយការណ៍ និងគ្រប់គ្រងថវិកាចំណាយឲ្យចំទិសដៅ ដែលប្រជាពលរដ្ឋយើងលោកកំពុងតែរង់ចាំ។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្តបានដាក់វិធានការ ក្នុងក្របខណ្ឌរដ្ឋបាលខេត្តកំពង់ចាមឆ្នាំ២០២០ ឱ្យរតនាគារខេត្តសហការជាមួយមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុ រួមនិងទីចាត់ការផែនការ និងវិនិយោគត្រូវរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញ ផ្ដល់ចំណេះដឹងបន្ថែមដល់ស្មៀនឃុំ-សង្កាត់ទាំង១០៩។ រាល់ការបណ្ដុះបណ្ដាលនានា សូមឲ្យមានវត្តមានស្មៀន ឃុំ-សង្កាត់ ចូលរួមជាចាំបាច់ នឹងមកជាមួយជំនួយការឃុំ-សង្កាត់ យ៉ាងហោចណាស់ បានគ្នាពីរនាក់ គ្រាន់ទទួលបានចំណេះដឹងជួយធ្វើកិច្ចការគ្នា នៅក្នុងអង្គភាពរបស់ខ្លួននាពេលខាងមុខ៕