(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ណឹម សវុត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ បានបន្តអំពាវនាវជាថ្មីដល់មន្រ្តី ក្រោមឱវាទទាំងអស់ ត្រូវរួមគ្នាថែរក្សាឱ្យបាននូវសន្តិភាព ដែលកំពុងមានសព្វថ្ងៃនេះ ខណៈការ សាងសង់នូវសំណង់វិមានឈ្នះ-ឈ្នះនេះ ក៏ជាការបង្ហាញនូវតឹកតាងរបស់ប្រទេសកម្ពុជា ដែលទទួលបានពីសុខសន្តិភាព។

ថ្លែងនៅក្នុងកម្មវិធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារ បន្តឆ្នាំ២០២០ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ នៅបរិវេនសំណង់វិមានឈ្នះ-ឈ្នះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានលើកឡើងថា ក្រុមការងារទាំងអស់បានយល់ ដឹងច្បាស់ហើយអំពីអត្ថន័យ នៃសំណង់វិមានឈ្នះ-ឈ្នះ ហើយការដែលយើងសាងសង់នូវវិមាននេះឡើង ក៏ដោយសារតែប្រទេសយើង មានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ ផងដែរ។ ដូច្នេះដាច់ខាត់យើងទាំងអស់គ្នាត្រូវអគុណនូវសន្តិភាពនេះ។

ទន្ទឹមនឹងនេះដែរ នាយឧត្តមសេនីយ៍ក៏បានប្រាប់ដល់មន្រ្តីទាំងនោះទៀតថា ការដែលប្រទេសមានសុខសន្តិភាពនេះ គឺដោយសារតែការដឹកនាំ របស់រាជាដ្ឋាភិបាលបច្ចុប្បន្ន រួមទាំងទំនាក់ទំនងអន្តរជាតិដ៏ល្អរបស់កម្ពុជាយើងទាំងមូលនេះ។

ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ក៏បានបញ្ជាក់ជាថ្មីនូវសំណង់វិមានឈ្នះ-ឈ្នះ ក្រោយសម្ពោធជាផ្លូវការអស់ រយៈពេលមួយឆ្នាំមកនេះ មានប្រតិភូទាំងក្នុង និងក្រៅប្រទេស សាធារណជនជាតិ និងអន្តរជាតិនានា ចូលទស្សនា និងសិក្សាស្រាវជ្រាវ គឺមានចំនួនជាងបីលាននាក់ ហើយក្នុងនោះអត្រាប្រជាជនចូលទស្សនាគិតជាមធ្យមក្នុងមួយថ្ងៃ៥០០នាក់ ទៅ១៥០០នាក់។ ដោយឡែក នៅថ្ងៃបុណ្យជាតិ និងថ្ងៃឈប់សម្រាកនានា ចំនួនចូលទស្សនាកើនឡើងគួរឱ្យកត់សម្គាល់ ពី១០០០នាក់ ទៅ៣០០០នាក់ក្នុងមួយថ្ងៃ។ នេះជាការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ។

សូមបញ្ជាក់ថាការស្ថាបនាវិមានឈ្នះ-ឈ្នះនេះ មានគោលដៅសំខាន់ចំនួន៥ដូចជា៖

ទី១៖ រំម្លឹកសារៈសំខាន់នៃសន្តិភាព សមិទ្ធផល និងដំណើរការ ដែលបាននាំឱ្យមានសន្តិភាព តាមគោលនយោបាយឈ្នះ ឈ្នះ និងការបង្រួបបង្រួមជាតិ។ បង្ហាញពីសុខដុមបនីយកម្ម នៃសង្គមកម្ពុជា តាមរយៈសាសនា សម័យកាលប្រវត្តិសាស្ត្រ និងសមិទ្ធផល។

ទី២៖ គោរព និងចារឹកទុកអំពីការលះបង់ការដឹកនាំ និងភាពច្នៃប្រឌិត របស់មគ្គុទេសក៍ដឹកនាំ និងប្រតិបត្តិករស្នូលកម្ពុជា ដែលបាននាំមកនូវការផ្សះផ្សាជាតិ និងបញ្ចប់សង្គ្រាមស៊ីវិល ដោយគ្មានការបង្ហូរឈាម ដែលនាំមកនូវវិបុលភាព និងសន្តិភាពដល់ប្រទេសកម្ពុជា។

ទី៣៖ បង្កើតមជ្ឈមណ្ឌលមួយ ដែលផ្ដល់នូវការរៀនសូត្រ ដល់ប្រជាជនគ្រប់ជំនាន់ទាំងអស់ ឱ្យបន្តការសិក្សា និងទទួលការយល់ដឹង ពីប្រវត្តិសាស្ត្រពិតរបស់ប្រទេសកម្ពុជា និងបន្តអនុវត្តគោលនយោបាយឈ្នះ ឈ្នះរបស់តេជោសែន និងគុណតម្លៃក្នុងការធ្វើសមាហរណកម្ម ក្នុងដំណើរការកសាងដឹកនាំ និងអភិវឌ្ឍន៍ប្រទេសនាពេលអនាគត។

ទី៤៖បង្ហាញពីគុណតម្លៃវប្បធម៌ អរិយធម៌ និងស្ថាបត្យករខ្មែរ តាមរចនាបទសិល្បៈ និមិត្តរូប និមិត្តសញ្ញា ចម្លាក់នានា និងហេដ្ឋារចនាសម្ព័នផ្សេងៗ ដើម្បីឱ្យប្រជាជនគ្រប់ជំនាន់ បានឈ្វេងយល់។

និងទី៥៖ បង្កើតគោលដៅទេសចរណ៍មួយ នៅទីក្រុងភ្នំពេញ ដែលមានលក្ខណៈជាទេសចរណ៍ប្រវត្តិសាស្ត្រវប្បធម៌ ក៏ដូចជាគោដៅ សម្រាប់ទស្សនកិច្ចសិក្សាស្រាវជ្រាវនានា៕