(ព្រះសីហនុ)៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានត្រៀមរួចជាស្រេចនូវកងកម្លាំង និងមធ្យោបាយគ្រប់ប្រភេទ ព្រមទាំងដាក់ប្រកាសលេខទូរស័ព្ទ ដើម្បីត្រៀមទប់ស្កាត់បទល្មើស រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ-ភ្ញៀវទេសចរ នាឱកាសបុណ្យចូលឆ្នាំចិន វៀតណាម និងកូរ៉េ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ដោយអំពាវនាវឲ្យប្រជាពលរដ្ឋ និងក្រុមភ្ញៀវជាតិ-អន្តរជាតិ មកលេខកម្សាន្តនៅខេត្តព្រះសីហនុ ឲ្យបានកុះករ ដោយសារកម្លាំងសមត្ថកិច្ចបានត្រៀមរួចរាល់ហើយ សម្រាប់ការពារបទល្មើស និងរក្សាសន្តិសុខជូន ជាពិសេសនោះ ក្នុងខេត្តមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងឆ្នេរតាមបណ្ដាកោះនានា ព្រមទាំងមានផ្ទះសំណាក់ បឹងកាឡូ រីហ្សត សណ្ឋាគារ និងភោជ្ជនីយដ្ឋានរង់ចាំបំរើជូនគ្រប់ពេល។
លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងគូសបញ្ជាក់ថា «នៅប៉ុន្មានថ្ងៃទៀតទេ ដល់ថ្ងៃចូលឆ្នាំចិន វៀតណាម កូរ៉េ ហើយក្នុងនាមខ្ញុំបាទ ស្នងការនគរបាលខេត្ត សូមគោរពអញ្ជើញ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ-ភ្ញៀវអន្តរជាតិ មកទេសចរណ៍ និងលេងកំសាន្ត ក្នុងខេត្តព្រះសីហនុ ដែលមានឆ្នេរសមុទ្រស្រស់ស្អាត និងឆ្នេរតាមបណ្ដាកោះនានា។ យើងមានផ្ទះសំណាក់ បឹងកាឡូ រីហ្សត សណ្ឋាគារ និង ភោជ្ជនីយដ្ឋានរង់ចាំបំរើជូនគ្រប់ពេល ជាពិសេសក្នុងខេត្តមានសេវាសុវត្ថិភាពសន្តិសុខ សណ្ដាប់ធ្នាប់គ្រប់កន្លែង។ គណៈបញ្ជារការឯកភាពខេត្តត្រៀមខ្លួនបំរើជូនរួចរាល់ហើយ»។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ បានត្រៀមកងកម្លាំងស្នងការដ្ឋានគរបាលខេត្តព្រះសីហនុ ទាំងមធ្យោបាយ និងសម្ភារ ព្រមទាំងលេខទំនាក់ទំនងបំរើជូន ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីងាយស្រួលទំនាក់ទំនងរួមមាន៖
*លេខស្នងការដ្ឋាន 097 7 780 008, 031 3 749 848 ,(011) 506 677, 516 677, 526 677
*ក្រុងព្រះសីហនុ៖ 097 7 780 093
*ស្រុកព្រៃនប់៖ 097 7 780 094
*ស្រុកស្ទឹងហាវ៖ 097 7 780 095
*ស្រុកកំពង់សីលា៖ 097 7 780 096។
កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់ចេញផែនចំនួន ៦ចំណុចសំខាន់ៗ ដើម្បីធានានូវសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពសង្គម បានល្អប្រសើរជូនប្រជាពលរដ្ឋ ចូលរួមអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ ប្រជាជនចិន វៀតណាម និងកូរ៉េ។
ក្នុងសេចក្ដីណែនាំផែនការដែលបានដាក់ចេញដោយ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន រួមមាន៖
*ទី១៖ យកចិត្តទុកដាក់ប្រមូលព័ត៌មានពាក់ព័ន្ធសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេសក្ដាប់ឲ្យបាននូវឧបាយកល សកម្មភាពបង្កអសន្តិសុខ ឬការញុះញង់នានាធ្វើឲ្យសង្គមមានចលាចល។
*ទី២៖ ចាត់វិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមទីអារ៉ាម ព្រះវិហារចិន វៀតណាម កូរ៉េ ក៏ដូចជាទីសក្ការៈ និងរមណីយដ្ឋានមួយចំនួន ដែលមានការប្រារព្ធពិធីបុណ្យផ្សេងៗ ដោយយកចិត្តទុកដាក់បង្ការទប់ស្កាត់មិនឲ្យមានបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេសសកម្មភាពបង្កការអុកឡុក ដោយក្មេងទំនើង និងត្រូវរៀបចំឲ្យមានសណ្តាប់ធ្នាប់ល្អប្រសើរ។
*ទី៣៖ យកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ បង្ការភាពកកស្ទះ និងបង្កើនការរឹតបន្តឹងការអនុវត្តន៍ ច្បាប់ចរាចរណ៍ផ្លូវគោក សម្ដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កលក្ខណៈឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅសួរសុខទុក្ខបងប្អូន ឬទៅកម្សាន្ដតាមតំបន់រមណីយដ្ឋាននានា ប្រព្រឹត្តទៅដោយក្តីសប្បាយរីករាយ និងសុវត្ថិភាព។
*ទី៤៖ ត្រូវសហការជាមួយអាជ្ញាធរដែនដី រំលឹកដាស់តឿនប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះអគ្គិភ័យ ជាពិសេសទៀនធូប នៅពេលសែនព្រេនភ្លើងចង្ក្រាន ចរន្តអគ្គិសនី គ្រឿងឆេះ ព្រមទាំងហាមឃាត់មិនឲ្យដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទះផ្សេងៗ។ ជាមួយគ្នានោះត្រូវប្រមូលផ្តុំកម្លាំង និងមធ្យោបាយប្រចាំការ ដើម្បីត្រៀមចេញអន្តរាគមន៍ពន្លត់ និងសង្គ្រោះហេតុការណ៍អគ្គិភ័យ ដែលអាចកើតឡើងជាយថាហេតុ។
*ទី៥៖ ត្រូវពង្រឹងបន្ថែមការងារប្រចាំបញ្ហាគ្រប់ថ្នាក់ និងការងារផ្តល់ព័ត៌មាន ឲ្យបានឆាប់រហ័ស ដើម្បីដោះស្រាយសភាពការណ៍ ដែលកើតមានឡើងជាយថាហេតុ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
*ទី៦៖ ត្រូវបូកសរុបសភាពការណ៍ និងលទ្ធផល នៃការអនុវត្តន៍វិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីរបស់ប្រជាជនចិន វៀតណាម និងកូរ៉េ ផ្ញើមកសេនាធិការដ្ឋាន នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ជាកំណត់៕