(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយលោក ចេង ញ៉ាន់ និងលោក ហុក សុផល អភិបាលរងខេត្ត ព្រមទាំងក្រុមការងារ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញបើកការដ្ឋាន ជួសជុលផ្លូវ ក្រួសលាយល្បាយថ្មភ្នំ ប្រវែង ៦,៣០០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅភូមិអូរសួស្តី សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈគម្រោង ទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូនិ)។
នៅក្នុងឱកាសនោះ លោក ផាន់ ចាន់ធុល បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពរ របស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធ រូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ជាដើម។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ជាក់ស្តែងការជួសជុលផ្លូវក្រួសលាយល្បាយថ្មភ្នំ១ខ្សែនេះ គឺមានតួនាទីជួយសម្រួលបានមួយកម្រឹត ដល់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ ការដឹកជញ្ជូនកសិផល និងការធ្វើដំណើរ ទៅសិក្សារបស់ក្មួយៗសិស្សានុសិស្សផងដែរ។
លោកអភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ជាពិសេសមេឃុំ/ចៅសង្កាត់ និងមេភូមិទាំងអស់ ដែលគៀកផ្ទាល់នឹងប្រជាជន ត្រូវខិតខំបំពេញការងាររបស់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ និងត្រូវខិតខំដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងនៅមូលដ្ឋាន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងឆាប់រហ័ស។
លោក ផាន់ ចាន់ធុល បានលើកឡើងថា នយោបាយឈ្នះ ឈ្នះ របស់សម្តេចជោ សែន បាននាំមកនូវសន្តិភាពនៅទូទាំងប្រទេស ដូច្នេះសន្តិភាពនេះហើយ គឺបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេសរស់នៅដោយសុខសាន្ត ដោយចូលរួមអបអរសាទរ និងកំសាន្តសប្បាយ នៅក្នុងពិធីបុណ្យតូចធំទាំងអស់ ជាពិសេសបានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចកាល បានផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការចូលរួមចំណែកស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា តាំងពីដើមឡើយរហូតដល់បច្ចុប្បន្ន។
សូមបញ្ជាក់ថា ផ្លូវក្រួសលាយល្បាយថ្មភ្នំ ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូនិ) បានបើកការដ្ឋានជួសជុលនាពេលនេះ គឺមានប្រវែង ៦៣០០ម៉ែត្រ ទទឹង៥ម៉ែត្រ សំណង់សិល្បការចំនួន៧កន្លែង និងគ្រឿងបរិក្ខារចរាចរណ៍មួយចំនួនទៀត ដែលមានប្រជាពលរដ្ឋ ចំនួន៤ភូមិ គឺភូមិអូរសួស្តី ភូមិអូរតាវ៉ៅ ភូមិកូនភ្នំ និងភូមិប៉ាងរលឹម ស្មើនឹងប្រជាជន ចំនួន ៦,៩៧២នាក់៕