(បាត់ដំបង)៖ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នៅសាលាខេត្តបាត់ដំបង បានបើកកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោក ងួន រតនៈ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ជាអភិបាលខេត្ត លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងថ្នាក់ដឹកនាំ ក្រុមការងារសមាជិកសមាជិកា សាខាកាកបាទក្រហមខេត្ត ក្រុង ស្រុក ចូលរួមជាច្រើននាក់ផង។

បន្ទាប់ពីលោកបណ្ឌិត ប៊ុត គឹមស៊ាន ឡើងមានមតិស្វាគមន៍ និងបើកដំណើរការកិច្ចប្រជុំរួចមក លោកនាយករងសាខាខេត្តបានឡើងធ្វើរបាយការណ៍សង្ខេបស្តីពីលទ្ធផលសកម្ម
ភាពការងារមនុស្សធម៌រយ:ពេល១ឆ្នាំកន្លងមក និងទិសដៅការងារបន្តឆ្នាំ២០២០ សាខាជូនអង្គប្រជុំបានជ្រាប។

លោក ងួន រតនៈ បានលើកឡើងថា បញ្ហាទឹកប្រើប្រាស់កំពុងមានការខ្វះខាតទឹកប្រើប្រាស់ ដោយអាស្តុកទឹកនានារបស់ក្រសួង និងមន្ទីរធនធានទឹកនៅក្នុងខេត្តបាត់ដំបងនៅមានកម្រិតពុំមាន លទ្ធភាព ផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋដែលរស់នៅទីឆ្ងាយពេក និងយើងត្រូវរិះរកមធ្យោបាយបន្ថែមទៀត ដើម្បីបំពេញតំរូវការចាំបាច់និងសំខាន់ជូនប្រជាពលរដ្ឋ។

លោកបានបន្តថា ការងារកាកបាទក្រហមយើងដើម្បីបម្រើឲ្យសកម្មភាពអនុវត្តការងារទៅបានល្អ យើងក៏ត្រូវការប្រភពចំណូលពីសប្បុរសជនផងដែរ សម្រាប់យកមកទ្រទ្រង់ការ
ងារនេះឲ្យបានរលូនកាន់តែល្អប្រសើឡើងផងដែរ។

លោកស្រី ពុំ ចន្ទីនី បានលើកឡើងថា បន្ទាប់លើពីបានបង្កើតថ្នាក់ដឹកនាំសាខាបាត់ដំបងក្នុងអណត្តិទី៥នេះ ក្នុងនាមកាកបាទក្រហមកម្ពុជាសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ កាកបាទក្រហមខេត្តបាត់ដំបង បានខិតខំប្រឹងប្រែងធ្វើការងារបានល្អដើម្បីប្រជាពលរដ្ឋ ពិសេសសម្រាប់ជនរងគ្រោះផ្សេងៗគ្រប់ទិសទីទាន់ពេលវេលា។

លោកស្រី ពុំ ចន្ទីនី បានបញ្ជាក់ថា អំពីឋានៈស្របច្បាប់របស់កាកបាទក្រហម ស្ថិតក្រោមការគ្រងរបស់រដ្ឋ គឺផ្អែកលើគោលការណ៍គ្រិះទាំង៧ និងធ្វើដោយស្ម័គ្រចិត្ត ដោយគ្មានការ
បង្ខិតបង្ខំអ្នកណាម្នាក់ឡើយ ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នាដោយស្ម័គ្រចិត្តលើការងារមនុស្សធម៌ និងបានរំលឹកអំពីបដិរូបនៃភាពមនុស្សធម៌ និងបានបញ្ជាក់លម្អិតពីរចនាសម្ព័ន្ធ
តួនាទី និងភារកិច្ច របស់កាកបាទក្រហមកម្ពុជាដែលប្រតិបត្តិការងារមនុស្សធម៌ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (ហៅកាត់ថា គោលការណ៍គ្រឹះទាំង៧របស់ចលនា) ដែលរួមមាន ភាពមនុស្សធម៌ភាពមិនលំអៀង អព្យាក្រឹតភាព សេវាកម្មស្ម័គ្រចិត្ត ឯករាជ្យភាព ឯកភាព និងសាកលភាព។

លោកស្រីអគ្គលេខាបន្តទៀត បញ្ហាកង្វះទឹកកំពុងជួបប្រទះ គឺនៅខេត្តបន្ទាយមានជ័យបានកើតមុនគេ ហើយយើងត្រូវរិះរកមធ្យោបាយជាការបន្ទាន់ និងប្រញាប់បំផុតដើម្បីជួយប្រជាប្រពលរដ្ឋ រងគ្រោះគ្រប់ប្រភេទនៅកន្លែងផ្សេងទៀតនិងអំពីសុខភាព ព្រមទាំងការងារផ្សេងៗជាច្រើនទៀតផងដែរ។

លោកស្រី បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ជាស្ថាប័នឯករាជ្យ តែឋិតនៅក្នុងច្បាប់របស់រាជរដ្ឋាភិបាល ដោយដើរតួនាទីព្យាក្រឹត្យមិនប្រកាន់និន្នាការនយោបាយ អ្វីឡើយ តែបើបុគ្គលណាចង់ចូលរួមផ្នែកមនុស្សធម៌ក៏ជាសិទ្ធបុគ្គលរបស់គេទេ៕