(ភ្នំពេញ)៖ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងផែនការទិសដៅភារកិច្ចឆ្នាំ២០២០ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានធ្វើឡើងនាថ្ងៃចន្ទ ទី២០ ខែមករា នៅសណ្ឋាគារសុខាភ្នំពេញ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបង្ហាញ ពីវឌ្ឍនភាពនៃបេសកកម្មចំបងរបស់ក្រសួង ដើម្បីឲ្យអង្គសន្និបាតធ្វើការត្រួតពិនិត្យតាមដាន ដូចជា ការអនុវត្តច្បាប់ ទប់ស្កាត់អំពើពុករលួយ ភាពអយុត្តិធម៌ក្នុងសង្គម និងការរំលោភបំពានដោយប្រើអំណាច ដើម្បីបំរើប្រយោជន៍បុគ្គល និងបក្ខពួក គ្រួសារ និងការពារសិទ្ធិរបស់ពលរដ្ឋ និងសុវត្ថិភាពសាធារណៈពោល គឺពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល។
ទន្ទឹមនឹងការពិនិត្យលើរបាយការណ៍ប្រចាំឆ្នាំ២០១៩ លោកស្រី ម៉ែន សំអន បានផ្តល់ជាការលើកទឹកចិត្តចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ថ្នាក់ចំណុះឲ្យក្រសួង ដែលបានអនុវត្តប្រកបដោយលទ្ធផល ល្អក្នុងសកម្មភាពការងារកន្លងមក មានលក្ខណៈសម្បត្តិថ្លៃថ្នូរ ស័ក្តិសមជាអ្នកបម្រើដ៏ល្អរបស់ប្រជាជនដោយផ្លាស់ប្តូរឥរិយាបទ ប្រែក្លាយខ្លួនទៅជាអ្នកផ្តល់សេវាដ៏មានប្រសិទ្ធភាព និងជាដៃគូរអភិវឌ្ឍន៍ ដែលអាចទុកចិត្តបាន សំដៅបម្រើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង តាមរយៈការបង្កើនប្រសិទ្ធផលសេវាកម្មសាធារណៈ។
ជាមួយគ្នានេះ មន្ត្រីរាជការក្រសួងទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានល្អ តាមអភិក្រមទាំង៥ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ៖ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដែលយើងត្រូវចងចាំកុំឲ្យភ្លេចខ្លួន។
ក្នុងឱកាសសន្និបាតរយៈពេលពេញមួយថ្ងៃនេះ លោកស្រី ម៉ែន សំអន បានសុំឲ្យមានកិច្ចពិភាក្សាតាមក្រុមទៅតាមការបែងចែករួចហើយ ដែលការបែងចែកនេះទៅតាមវិស័យសំខាន់ៗទាំង ៣ក្រុម គឺ
*ក្រុមទី១ ៖ ការប្រឈមក្នុងការងារទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា ការតាក់តែងច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តិ និងការផ្សព្វផ្សាយច្បាប់
*ក្រុមទី២ ៖ ការប្រឈមក្នុងការងារអធិការកិច្ច ដោះស្រាយពាក្យបណ្តឹង និងការតាមដានការអនុវត្តច្បាប់
*ក្រុមទី៣ ៖ ការប្រឈមក្នុងការងាររដ្ឋបាល ផែនការ ការបណ្តុះបណ្តាល ហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៅពេលរសៀល ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើកឡើងពីចំណុចល្អៗ និងចំណុចមិនទាន់បានកែលម្អ បញ្ហាប្រឈមទាំងឡាយ ព្រមទាំងលើកនូវដំណោះស្រាយដ៏សមស្រប និងប្រកបដោយប្រសិទ្ធភាព ដើម្បីពិនិត្យសម្រេចដាក់ចុះទិសដៅ និងផែនការសម្រាប់អនុវត្តបន្ត។
ក្រៅពីនេះលោកស្រី ម៉ែន សំអន បានដាក់ចេញនូវការងារសំខាន់ៗ២ ជូនអង្គសន្និបាតត្រូវយក ចិត្តទុកដាក់ពិភាក្សា៖
ក្រសួងមានភារកិច្ចសម្របសម្រួលធ្វើទំនាក់ទំនងរវាងរាជរដ្ឋាភិបាល ជាមួយស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភា និងចូលរួមតាក់តែងច្បាប់លិខិតបទដ្ឋានគតិយុត្តនានារបស់រាជរដ្ឋាភិបាល លើកកម្ពស់ការយល់ដឹងពីច្បាប់ និងការអនុវត្តន៍ច្បាប់ ដោយធ្វើការផ្សព្វផ្សាយច្បាប់យ៉ាងទូលំទូលាយជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យបានយល់ដឹង។
ក្រៅពីការងារខាងលើ ក្រុមការងារក្រសួងបានចុះទៅដល់គ្រប់ខេត្ត ក្រុង ស្រុក ទីប្រជុំជន ជនបទដាច់ស្រយាល និងសហគមន៍នានា ដើម្បីបើកវេទិកាសាធារណៈអប់រំផ្សព្វផ្សាយច្បាប់ ធ្វើការស្ទាបស្ទង់មតិដើម្បីស្វែងយល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋផ្សព្វផ្សាយរាល់អនុសាសន៍ ដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំ ពិសេសកម្មវិធីនយោបាយផែនការ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ជូនដល់ប្រជាពលរដ្ឋ ហើយពាំនាំនូវសំណូមពររបស់ប្រជាពលរដ្ឋ ជូនរាជរដ្ឋាភិបាលដើម្បីដោះស្រាយ។
ចំណែកការងារសំខាន់ទី២គឺ ការងារអធិការកិច្ច ដែលត្រូវអនុវត្តតាមស្ថាប័ន និងអង្គភាពនានាជាប្រចាំ ដែលនេះជាភារកិច្ចដ៏សំខាន់ទាក់ទងនឹងការពង្រឹងការអនុវត្តន៍ច្បាប់ សំដៅធានាប្រឆាំងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា នៅក្នុងជួររដ្ឋបាលសាធារណៈ ក៏ដូចជាផ្នែក មិនមែនរដ្ឋ ដើម្បីធានាការប្រើប្រាស់ប្រកបដោយ ប្រសិទ្ធភាពនៃថវិកា និងទ្រព្យសម្បត្តិរដ្ឋ ការពារសុវត្ថិភាពសាធារណៈ និងការពារសិទ្ធរបស់ប្រជាពលរដ្ឋ៕