(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងពិធីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី២៦ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ បានលើកឡើងថា ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវតែមានសមត្ថភាព ការយល់ដឹង និងមានវិជ្ជាជីវៈច្បាស់លាស់។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានគូសបញ្ជាក់ថា ការបំពាក់បំប៉នភ្នាក់ងារសន្តិសុខឯកជន ឲ្យមានសមត្ថភាពពេញលេញដើម្បីចូលរួម កិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព តាមបណ្តាគោលដៅ និងក៏ដូចជាសង្គមជាតិទាំងមូល។ វិស័យសន្តិសុខឯកជន មានការរីកចម្រើនយ៉ាងខ្លាំង ស្របតាមប្រទេសជាតិ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយវិស័យនេះ បានការចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សង្គមជាតិយ៉ាងផុលផុស។
ប្រធាននាយកដ្ឋានរូបនេះ បានអះអាងទៀតថា វិស័យសន្តិសុខឯកជន ត្រូវមានគុណភាព និងគុណប្រយោជន៍ខ្ពស់ សម្រាប់កិច្ចការពារថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដូច្នេះភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវតែមានសមត្ថភាពការយល់ដឹង និងមានវិជ្ជាជីវៈច្បាស់លាស់ ដែលជាភ្នាក់ងារសន្តិសុខឯកជន ពោពេញទៅដោយសមត្ថភាពពេញលេញ ទើបអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាន នាយកដ្ឋានគ្រប់គ្រប់គ្រងសន្តិសុខឯកជន ជាសេនាធិការ ធ្វើការរៀបចំវគ្គបំប៉នជំនាញនេះឡើង ក្នុងគោលបំណងសំខាន់គឺ ស្វែងយល់អំពីភារកិច្ច និងកាតព្វកិច្ចរបស់វិស័យសន្តិសុខឯកជន លើការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងពង្រឹងសមត្ថភាពភ្នាក់ងារសន្តិសុខឯកជន ឲ្យកាន់តែល្អប្រសើរឡើង សំដៅធ្វើឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងកិច្ចការពារសន្តិសុខសង្គម។
បើតាមលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី នេះជាលើកទី២៦ ដែលនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន រៀបចំបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន ដល់ភ្នាក់ងារសន្តិសុខឯកជនបម្រើសេវាកម្ម និងមិនបម្រើសេវាកម្ម។ ដោយយោងតាមស្មារតីសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាអនុក្រឹត្យ ស្តីពីការគ្រប់គ្រងសន្តិសុខឯកជន ក្នុងការគ្រប់គ្រង និងកសាងសមត្ថភាព បង្កើនចំណេះដឹង ផ្តល់បទពិសោធន៏បច្ចេកទេស ដែនកំណត់ភារៈកិច្ចទទួលខុសត្រូវ កិច្ចសហការផ្តល់កម្លាំងជំនួយរវាងសន្តិសុខឯកជន និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានបញ្ជាក់ថា នៅក្នុងវគ្គបំប៉នជំនាញនេះ សិក្ខាកាមទាំងអស់ នឹងទទួលបានចំណេះដឹងលើប្រធានបទសំខាន់ៗ ដែលកំពុងតែជួបប្រទះ និងប្រឈមជាប្រចាំថ្ងៃ ក្នុងការអនុវត្តការងារដូចជា៖ តួនាទី និងការទទួលខុសត្រូវរបស់ភ្នាក់ងារសន្តិសុខឯកជន, វិធីសាស្រ្តការពារគោលដៅ, ច្បាប់ចរាចរណ៍ផ្លូវគោក, របៀបផ្តល់ជំនួយ និងសហការជាមួយសមត្ថកិច្ច, ការស្វែងយល់អំពីក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ, វិធានការបង្ការពន្លត់អគ្គីភ័យ និងការជម្លៀសខ្លួនចេញពីអគ្គីភ័យ និងកិច្ចសហការការពារកន្លែងកើតហេតុ ជាដើម។
លោកសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់ នឹងខិតខំប្រឹងប្រែង យកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់វាលឃ្មិនពន្យល់ ហើយក្រេបយកចំណេះដឹងទាំងនេះ ទៅបំពេញតួនាទីរបស់ខ្លួន ក្នុងផ្លូវវិជ្ជមាន ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីការពារផលប្រយោជន៍ឯកជន សារធារណៈ និងសង្គមជាតិយើងទាំងមូល៕