(កំពង់ចាម)៖ រថយន្ដសាំយ៉ុងដឹកអ្នកដំណើរពីរគ្រឿង បុកគ្នាពេញទំហឹងនៅល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០នេះ លើផ្លូវជាតិលេខ៦ ត្រង់ចំណុចផ្លូវបំបែកខាងកើត ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ហេតុការណ៍នេះ គឺរថយន្តមួយគ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2Z-1200 បើកបរដោយឈ្មោះ នូ ម៉ឺយ អាយុ៧១ឆ្នាំ មានទីលំនៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានបុករថយន្តមួយគ្រឿងទៀត ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2J0-580 អ្នកបើកបរបានរត់គេចខ្លួន។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យរបួសមនុស្សចំនួន១៣នាក់ (ស្រី៩នាក់ និងប្រុស៤នាក់) ក្នុងនោះ របួសធ្ងន់៥នាក់ និងរបួសស្រាល៨នាក់។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជួយសង្រ្គោះជនរងគ្រោះ និងធ្វើការកំណត់មុខសញ្ញារថយន្ត និងអ្នកបង្កហេតុ ដើម្បីតាមឃាត់ខ្លួន៕