(ភ្នំពេញ)៖ សមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា នាល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ បានរៀបចំពិធីអបអរសាទរខួបលើកទី១ នៃការបង្កើតសមាគម និងជាការជួបជុំសមាជិក បងប្អូនជនរួមជាតិទាំងអស់ដែលស្រលាញ់ និងចូលរួមក្នុងការងារសង្គម ជាមួយសមាគមអតីតសិស្ស-និស្សិត នៅកម្ពុជា ដើម្បីរឹតចំណងសាមគ្គីភាពឲ្យកាន់តែរឹងមាំជាងមុន ព្រមទាំងរាយការណ៍អំពីសកម្មភាពមួយឆ្នាំកន្លងមក និងផែនការសកម្មភាពនៅឆ្នាំបន្ទាប់របស់សមាគមផងដែរ។
ពិធីនេះដែរក៏មានការចូលរួមពីលោក អ៊ុត សំអន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន, លោកឧត្តមសេនីយ៍ត្រី ព្រំ ហៀង មេបញ្ជាការរង តំណាង លោកឧត្តមសេនីយ៍ឯកបណ្ឌិត ព្រហ្ម ផេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលអន្តរាគមន៍លេខ១, លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និសិ្សតនៅកម្ពុជា រួមទាំងលោកស្រីភ្ញៀវកិត្តិយស និងសមាជិកសមាជិកាជាច្រើនរូបផងដែរ។
លោក មែ ស៊ីថុន បានឱ្យដឹងថា ពិធីអបអរសាទរខួប ១ឆ្នាំរបស់សមាគមនៅពេលនេះ មិនមែនគ្រាន់តែជាការបង្ហាញឲ្យដឹងថា សមាគមមានអាយុ ១ឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញនូវពេលវេលា ១ឆ្នាំនៃសកម្មភាពរបស់សមាគម ដែលបានចុះជាប់នៅតាមមូលដ្ឋាន ធ្វើការងារជាក់ស្តែងមួយចំនួន ជាពិសេសអនុស្សាវរីយ៍ នៃការចុះផ្ទាល់ជាមួយនឹងមន្ត្រីរាជការ ក៏ដូចថ្នាក់ដឹកនាំភូមិឃុំស្រុកខេត្ត ការជួបផ្ទាល់ជាមួយលោកគ្រូអ្នកគ្រូ ការជួបផ្ទាល់ជាមួយក្មួយៗសិស្សានុសិស្ស ជាពិសេសការជួបផ្ទាល់ជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលជាមាតាបិតាសិស្ស ហើយក៏ដូចជាអនុស្សាវរីយ៍ជាច្រើនរវាងថ្នាក់ដឹកនាំសមាគម និងជាសមាជិកសមាជិកាទាំងអស់ផងដែរ ។
លោកបានបន្ថែមថា សមាគមនេះត្រូវបានបង្កើតឡើងដោយក្រុមអតីតសិស្សមួយក្រុមតាំងពីឆ្នាំ២០១៣ មានទីស្នាក់ការកណ្តាលស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានចក្ខុវិស័យ និងបេសកកម្មចូលរួមលើកកម្ពស់វិស័យអប់រំ និងការពារគុណភាពបរិស្ថាន ហើយមានសកម្មភាពប្រមូលផ្តុំអតីតសិស្សនិស្សិតគ្រប់ទិសទីនៅក្នុងប្រទេសកម្ពុជា និងនៅបរទេស ដែលធ្លាប់បានសិក្សានៅកម្ពុជា ដើម្បីរួមចំណែកកសាងប្រទេសកម្ពុជា និងចូលរួមទទួលខុសត្រូវក្នុងការថែរក្សាការពារសន្តិភាព និងសមិទ្ធផលជាតិ ។
លោក មែ ស៊ីថុន បានបញ្ជាក់ទៀតថា រយៈពេល ១ឆ្នាំកន្លងមកនេះ សមាគមបានអនុវត្តសកម្មភាពរបស់ខ្លួនជាមួយសមាជិកសមាជិកា និងមានការសហការយ៉ាងល្អពីលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងទាំងបីប្រភេទ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ក្រោមប្រធានបទ «រួមគ្នាចែករំលែកសេចក្តីស្រលាញ់ដល់សង្គម» និង«ដើមឈើមួយ ជីវិតមួយ» ដោយបានសម្រេចកាងារជួយដល់សាលារៀនចំនួន ១៤ទីតាំងដែលមានដូចជា ជូនកាដូរដល់លោកគ្រូអ្នកគ្រូ និងអាជ្ញាធរមូលដ្ឋានចំនួន ២៣៦នាក់ ចែកសម្ភារសិក្សាជូនសិស្សានុសិស្សសរុបចំនួន៤,៩៣៣នាក់
ចែកកង់ជូនសិស្សានុសិស្សដែលខ្វះខាតសរុបចំនួន ២៥គ្រឿង, កាតាប ចែកជូនសិស្សានុសិស្សសរុបចំនួន៩៤៧កាតាប ដាំកូនឈើប្រណិតនៅសាលារៀន វត្ត និងទីសាធារណៈចំនួន ១,៨១០ ដើម ផ្តល់កាដូជូនដល់មាតាបិតាសិស្សាសរុបចំនួន១៥០នាក់, ផ្តល់ទោង ទោងបង្អិល និងរៀបចំទីតាំងហាត់កីឡា១ឈុត ចូលរួមកម្មវិធីបុណ្យផ្ការស្មីសាមគ្គី ទឹកសុទ្ធ ៣០កេស និងថវិកា ១.៤៦លានរៀល។
លោកបានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះសមាជិកសមាគមមានចំនួនជិត ២០០នាក់ដែលដឹកនាំដោយគណៈកម្មការគ្រប់គ្រងចំនួន ១៦នាក់។ក្នុងនោះដែរសមាគមក៏មានផែនការសម្រាប់អនុវត្តនៅក្នុងឆ្នាំ២០២០នេះ មានអនុវត្តលើសកម្មភាពដែលគ្រោងទុកចំនួន០៤ ដូចជា៖ កម្មវិធីដាំដើមឈើប្រចាំឆ្នាំជាបន្ត, ជួយសិស្ស និសិ្សតក្រីក្រ, ជួយសាលាដែលមានការខ្វះខាត (របងសាលា អគារសិក្សា ឬសួនច្បារជាដើម) និងស្វែងរកជំនួយសប្បុរសធម៌ ពីសប្បុរសជន ស្ថានទូតនានា ដើម្បីជួយឳពុកម្តាយក្រីក្រ និងសិស្សនិស្សិត ដែលមិនមានលទ្ធភាពបន្តការសិក្សាបន្តផងដែរ៕