(ពោធិ៍សាត់)៖ ដោយមើលឃើញពីទុក្ខលំបាក របស់ក្មួយៗកម្មការិនី រោងចក្រកាត់ដេរតៃអ៊ីហ្ស៉ី ដែលរងគ្រោះថ្នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីម្សិលមិញនោះ, លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្ត ទៅចែកជូនដល់កម្មការិនីទាំង២៩នាក់ រួមទាំងជនចាស់ជរា និងគ្រួសារក្រីក្រ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ចំនួន៥នាក់ផ្សេងទៀត។
លោក ម៉ៅ ធនិន បានជម្រាបជូនថា ថ្វីដ្បិតតែអំណោយ និងសម្ភារៈនេះតិចតួចក្តី តែនេះជាទឹកចិត្តរបស់សប្បុរសជន អាជ្ញាធរខេត្ត ក៏ដូចគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ដើម្បីផ្តល់ជូនគ្រួសារក្មួយៗ បានដោះទាល់មួយគ្រា។ សូមក្មួយៗកុំបារម្ភ លោកនឹងធ្វើការជាមួយមន្ទីរការងារ បណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងស្នងការរងនគរបាល ទទួលផែនចរាចរណ៍ ដើម្បីដោះស្រាយប្រាក់សំណង ក៏ដូចជាការងារ និងប្រាក់បៀរវត្សន៍ជូនក្មួយ នៅពេលអាក្ការៈជំងឺរបស់ក្មួយៗបានធូរស្រាល។ កត្តាដែលសំខាន់ សូមក្មួយៗ អនុវត្តតាមការណែនាំ របស់ក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ដើម្បីឲ្យពួកគាត់ មានលទ្ធភាពព្យាបាលជូនក្មួយៗ ឲ្យបានជាឆាប់រហ័ស។
លោកបានបន្ថែមថា ចំពោះអ្នកមើលថែទាំជំងឺ បើខ្វះខាត អាចទៅទទូលអង្ករពីសាលាខេត្តបាន ព្រោះនៅទីនោះយើងមានក្រុមការងារ ដើម្បីផ្តល់ជូនជនចាស់ជរា និងគ្រួសារក្រីក្រ ដែលពុំមានលទ្ធភាព កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ក្មួយៗកម្មការិនីដែលជួបគ្រោះថ្នាក់ចរាចរណ៍ទាំង២៩នាក់ រួមទាំងជនចាស់ជរា និងគ្រួសារក្រីក្រ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត ចំនួន៥នាក់ផ្សេងទៀត ក្នុងម្នាក់ៗ ទទួលបានទឹកដោះគោឆៅ១២កំប៉ុង ទឹកក្រូចអាយស៏កូឡា ១២ដប សារុង១ និងថវិកា៥ម៉ឺនរៀល។
ឆ្លៀតក្នុងឱកាសនោះ លោក ម៉ៅ ធនិន ក៏បានជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សហរដ្ឋអាមេរិក ដឹកនាំដោយលោកស្រី Karing Pediatrics ដែលបានសហការ ចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ លើជំងឺវះកាត់មួយចំនួន ដូចជា៖ វះកាត់ក្លន វះកាត់ដុំសាច់ វះកាត់ថតទឹកប្រមាត់ ជំងឺពកក ដុំរន្ធគូថ វះកាត់សុដន់ វះកាត់ស្បូន... ជូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃទី១៧ ខែមករា រហូតដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ នៅបរិវេណមន្ទីរពេទ្យបង្អែកពោធិ៍សាត់។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅលើផ្លូវជាតិលេខ៥ ស្ថិតនៅភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បង្កដោយរថយន្តម៉ាក ម៉ីតស៊ុយនីស៊ី (ហ្វុយសូ) ធុនធំ ព័ណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-3656 ធ្វើចរាចរណ៍ក្នុងល្បឿនលឿន ពីកើតទៅលិច បានបុករថយន្តម៉ាកសាំយ៉ុង ព័ណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2X-9735 កំពុងដឹកកម្មការនី ចេញពីធ្វើការនៅរោងចក្រកាត់ដេរតៃអ៊ីហ្ស៊ី ស្រុកក្រគរ ក្នុងទិសដៅស្របទិសគ្នា ពីកើតទៅលិច បណ្តោលឲ្យរងរបួសមនុស្ស ២៩នាក់ (កម្មការិនី) ក្នុងនោះរងបួសធ្ងន់មនុស្ស ៨នាក់។
បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ រីឯវត្ថុតាងមានរថយន្តទាំង២គ្រឿង ត្រូវបានប្រគល់ជូនទៅចរាចរណ៍ផ្លូវគោក ខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី៕