(ពោធិ៍សាត់)៖ សមត្ថកិច្ចនគរបាលស្រុកវាលវែង បានចាប់ឃាត់ខ្លួន បុរស២នាក់ ដែលជាមេក្លោង កាប់គាស់ឈូសឆាយទន្ទ្រាន និងចាត់ចែងលក់ទិញដីព្រៃដោយខុសច្បាប់ នៅចំណុចអណ្តូងស្រុក ភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រតិបត្តិការណ៍ស្រាវជ្រាវនេះ ធ្វើឡើងចាប់ពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ តាមបញ្ជារបស់លោក ម៉ៅ ធនិន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត រហូតដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា បុគ្គលទាំងពីរនាក់ បានកាប់រុករានទន្រ្ទានគាស់កាយឈូសឆាយ ចាត់ចែងលក់ទិញដីព្រៃ ដែលមានទំហំ១៥០ហិកតា ប៉ុន្តែការស្រាវជ្រាវជាក់ស្តែង ឃើញថាដីនៅចំណុចនោះ មានច្រើនរហូតទៅដល់១៦៩ ហិកតាឯណោះ និងមានការជាប់ពាក់ព័ន្ធជាមួយជនសង្ស័យមួយចំនួនទៀត។
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យ ទាំង២នាក់នេះមានឈ្មោះ៖ ១៖ ពេញ សារ៉ន ភេទប្រុស អាយុ ៤៩ ឆ្នាំ ជាមេភូមិចំណុចក្រសាំងព្នៅ និង២៖ វង់ ផល្លា ភេទប្រុស អាយុ៥០ឆ្នាំ ជាមេការចាំដី និងជួលគ្រឿងចក្រឈូសឆាយដីព្រៃ ទាំង២នាក់រស់នៅចំណុចក្រសាំងព្នៅ ភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
បច្ចុប្បន្នជនសង្ស័យទាំង២ខាងលើ ត្រូវបានកម្លាំងជំនាញ ប្រគល់ជូនមន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕