(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ តបតាមការអញ្ជើញរបស់ ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រី ក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
បើតាមការចុះផ្សាយនៅលើទំព័រ Facebook របស់សម្តេចក្រឡាហោម បានឱ្យដឹងថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា បើកកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២០ ជាមួយសមភាគីក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក តូ ឡឹម ។
ក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើន តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលសម្រេចបានក្នុងឆ្នាំ២០១៩កន្លងទៅ មានជាអាទិ កិច្ចសហការផ្លាស់ប្តូរព័ត៌មានដើម្បីថែរក្សាសន្តិសុខជាតិការពារព្រឹត្តិការណ៍ជាតិធំៗ ការពារសុវត្ថិភាពដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងកិច្ចសហការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ការផ្លាស់ប្តូរប្រតិភូបំពេញទស្សនកិច្ចដកពិសោធន៍ការងារ និងពិនិត្យព្យាបាលជំងឺ ការបណ្តុះបណ្តាលធនធានមនុស្សក្នុងជួរកងកម្លាំងនគរបាលជាតិ ព្រមទាំង ការជួយគាំទ្រគ្នាទៅវិញទៅមកផ្នែកសម្ភារបច្ចេកទេស បម្រើការងារថែរក្សាសន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ។
ទន្ទឹមនេះសម្ដេចក្រឡាហោម ស ខេង និងលោកឧត្តមសេនីយ៍ឯក តូ ឡឹម ក៏បានកត់សម្គាល់ ដោយកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងកងកម្លាំងនគរបាលនៅតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធ និងថែរក្សាបរិយាកាសសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនបានយ៉ាងល្អប្រសើរ រួមចំណែកបង្កលក្ខខណ្ឌអំណោយផលដល់ការប្រកបជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនចំពោះ លោក ង្វៀន ហ៊ូចុង ប្រធានរដ្ឋ លោកស្រី ង្វៀន ធី គឹមងីន ប្រធានរដ្ឋសភា និងលោក ង្វៀន ស៊ុនហ៊ុក នាយករដ្ឋមន្ត្រីវៀតណាម។
នៅក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងនូវការអបអរសាទរចំពោះប្រទេសវៀតណាម ក្នុងឱកាសទទួលភារកិច្ចជាប្រធានអាស៊ានប្តូរវេនក្នុងឆ្នាំ២០២០នេះ និងការជាប់ឆ្នោតជ្រើសតាំងជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិក្នុងអាណត្តិ២០២០-២០២១។
លោក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ក៏បានចូលរួមសម្តែងនូវការអបអរសាទរចំពោះប្រទេសកម្ពុជា ដែលទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅឆ្នាំ២០២០ នេះដែរ ។ ភាគីទាំងពីរបានប្តេជ្ញាជួយគាំទ្រគ្នាទៅវិញទៅមកគ្រប់លទ្ធភាព ដើម្បីបម្រើឲ្យការប្រារព្វព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តទាំងនេះ ដំណើរការទៅដោយជោគជ័យតាមការគ្រោងទុក ។
បន្ទាប់មក ភាគីទាំងពីរក៏បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២០ និងបានឯកភាពយកចិត្តទុកដាក់បន្តអនុវត្តកិច្ចការសំខាន់ៗមួយចំនួនទៀត រួមមាន បន្តចាត់វិធានការម៉ឺងម៉ាត់ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន បទល្មើសព្រៃឈើ និងបទល្មើសធនធានធម្មជាតិផ្សេងៗ នៅតាមបណ្តាខេត្តជាប់ព្រំដែន និងនៅតាមតំបន់មួយចំនួនដែលមានភូមិសាស្រ្តស្មុគស្មាញ, បន្តជំរុញចាត់វិធានការតឹងរ៉ឹង ដើម្បីទប់ស្កាត់ និងបង្ក្រាបការលួចឆ្លងដែនខុសច្បាប់, បន្តកិច្ចសហប្រតិបត្តិការគ្រប់គ្រងតាមខ្សែបន្ទាត់ព្រំដែន និងសហការដោះស្រាយបញ្ហាផ្សេងៗដោយសន្តិវិធី ឈរលើគោលការណ៍គោរពឯករាជ្យ និងអធិបតេយ្យគ្នាទៅវិញទៅមក ។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះដែរ រដ្ឋាភិបាល និងក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបំពាក់គ្រឿងឥស្សរិយយសជូនក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃបណ្តាអង្គភាពពាក់ព័ន្ធ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងទាំងពីរ ក្នុងបុព្វហេតុនៃការថែរក្សាសន្តិសុខជូនជាតិមាតុភូមិ និងប្រជាជន ។
ដើម្បីបន្តយន្តការកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរកាន់តែសកម្ម និងខ្លាំងក្លាថែមទៀត សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានអញ្ជើញលោក ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២០ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២១ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា តាមពេលវេលាសមស្រប ៕