(ភ្នំពេញ)៖ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជកម្ពុជា ពេលនេះកំពុងសម្រាកព្យាបាលព្រះរោគ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។
ក្នុងឱកាសបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងគណៈតិភូ បានអញ្ជើញចូលក្រាបថ្វាយបង្គំសាកសួរសុខទុក្ខ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ដែលកំពុងសម្រាកព្យាបាលព្រះរោគ នៅទីក្រុងហូជីមិញនៃសាធារណរដ្ឋសង្គមនិយម វៀតណាម។ នេះបើតាមការចុះផ្សាយនៅលើទំព័រ Facebook សម្តេចក្រឡាហោម ស ខេង។
នៅក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានថ្វាយនូវបច្ច័យចំនួន ១០០០០ដុល្លារសហរដ្ឋអាមេរិក និងប្រាក់វៀតណាមចំនួន២០លានដុង សម្រាប់ការព្យាបាលព្រះរោគសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស និងបានថ្វាយព្រះពរសម្ដេចមានព្រះសុខភាពល្អបរិបូរណ៌ ដើម្បីបានយាងគង់ជាម្លប់ដ៏ត្រជាក់ និងដឹកនាំទ្រទ្រង់វិស័យព្រះពុទ្ធសាសនានៅកម្ពុជាផងដែរ៕