(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០នេះ បានដឹកនាំគណៈប្រតិភូខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងពិធីអបអរសាទរជូនពរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាម នៅខេត្តតៃនិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។
ថ្លែងក្នុងឱកាសនោះ អភិបាលខេត្តស្វាយរៀង បានកត់សម្គាល់ពីការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការ ដែលកើតចេញពីការរួមចំណែករបស់អាជ្ញាធរ និងភាគីពាក់ព័ន្ធ នៃខេត្តស្វាយរៀង-តៃនិញ។
លោកជឿជាក់ថា ឆ្នាំថ្មី ឆ្នាំ២០២០នេះ ទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការនេះ នឹងកាន់តែល្អប្រសើរទ្វេឡើង ដើម្បីភាពសុខសាន្ត និងការរីកចម្រើន ទាំងផ្នែកជីវភាពរបស់ប្រជាជន និងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ព្រមទាំងជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និងប្រជាជនខេត្តឡុងអាន ក្នុងឱកាសឆ្នាំថ្មីនេះផងដែរ។
សូមជម្រាបជូនថា ពិធីជូនពរឆ្នាំថ្មី ដែលប្រព្រឹត្តិទៅនៅថ្ងៃនេះ ក៏មានតំណាងខេត្តចំនួន៥ ចូលរួមផងដែរ រួមមានខេត្តស្វាយរៀង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តឧត្តមមានជ័យ និងប្រតិភូក្រសួងការពារជាតិ ប្រតិភូអគ្គស្នងការនគរបាលជាតិ ការចូលរួមនេះតបតាមការអញ្ជើញរបស់គណៈកម្មាធិការប្រជាជនខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាចុងបញ្ចប់នៃពិធីនេះ ភាគីនៃតំណាងខេត្តទាំង៥ ក៏បានផ្លាស់ប្ដូរវត្ថុអនុស្សាវរីយ៍គ្នាទៅវិញទៅមក ក្នុងស្មារតីមិត្តភាព សាមគ្គីភាព និងស្និទ្ធស្នាលបំផុត៕