Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រាប់មិនទាន់ផ្ទុះចំនួន៧២គ្រាប់ ត្រូវប្រជាកសិករខេត្តឧត្តរមានជ័យ រកឃើញក្នុងចំការ នៅស្រុកបន្ទាយអំពិល

19-01-2020 16:25

(ឧត្តរមានជ័យ)៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ចំនួន៧២គ្រាប់ ត្រូវបានប្រជាកសិករនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ រកឃើញនៅក្នុងដីចំការ២កន្លែងផ្សេងគ្នា នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០នេះ។

មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល បានឲ្យដឹងថា នៅថ្ងៃនេះ ប្រជាកសិករ ២នាក់រស់នៅភូមិផ្សេងគ្នា នៃឃុំគោកមន ស្រុកបន្ទាយអំពិល បានជួបប្រទះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ចំនួន៧២គ្រាប់ នៅក្នុងដីចំការរបស់គាត់ចំនួន២កន្លែងផ្សេងគ្នា។

សមត្ថកិច្ចបានបញ្ជាក់ថា នៅវេលាម៉ោង០៨៖៣០ព្រឹកថ្ងៃ សមត្ថកិច្ចបានទទួលព័ត៌មានពីឈ្មោះ ហ៊ាំង ហឿម ភេទប្រុស អាយុ៥៣ឆ្នាំ ជាមេភូមិរនាមធំ ឃុំគោកមន ស្រុកបន្ទាយអំពិល បានជួបប្រទះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រភេទមីន៦៨ ចំនួន១០គ្រាប់ នៅពេលដែលគាត់កំពុងភ្ជួរដី។

លុះវេលាម៉ោង១០៖១៨នាទី សមត្ថកិច្ចបានទទួលព័ត៌មានពីឈ្មោះ ម៉ៅ ធារ៉ូ ភេទប្រុស អាយុ៤៩ឆ្នាំ ជាអនុភូមិថ្មដូន បានរាយការណ៍មកថា បានជួបប្រទះគ្រាប់មីន មិនទាន់ផ្ទុះនៅក្នុងចំការដំឡូងមួយកន្លែង ស្ថិតក្នុងភូមិហនុមាន ឃុំគោកមន ស្រុកបន្ទាយអំពិល ចំនួន៦២គ្រាប់ ក្នុងនោះមានគ្រាប់មីនប្រភេទ៦៩ ចំនួន៤៣គ្រាប់, គ្រាប់៨០មីល្លីម៉ែត្រ ចំនួន១៦គ្រាប់, មីនតោនចំនួន៣គ្រាប់, គីប៨០មីល្លីម៉ែត្រ ចំនួន០៩ប្រអប់, ម្ជុលមីន៦៩ ចំនួន០៦ប្រអប់ និងគីបមីនតោន ចំនួន២ប្រអប់ផងដែរ។

ក្រោយពីបានចុះពិនិត្យឃើញភ្លាម សមត្ថកិច្ចបានទាក់ទងអង្គការដោះមីនកម្ពុជា មកទទួលយកទៅកម្ទេចចោល ហើយសមត្ថកិច្ចបានបញ្ជាក់ទៀតថា គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ គឺសេសសល់ពីសម័យសង្គ្រាម៕