(ព្រះសីហនុ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០នេះ បានបញ្ជូនជនសង្ស័យចំនួន១៧នាក់ទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន។
របាយការណ៍របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា ជនសង្ស័យប្រុសស្រីទាំង ១៧នាក់នេះ ត្រូវបានកម្លាំងជំនាញចាប់ខ្លួននៅពីរទីតាំងផ្សេងគ្នា។ ប្រតិបត្តិការនេះ ដឹកនាំដោយឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ត ក្រោមការបញ្ជាពី នាយឧត្តមសេនីយ៍ សៅ សុខា និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។
ទីតាំងទី១៖ សមត្ថកិច្ចចុះបង្ក្រាបនៅចំណុចក្រុម៨ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន១០នាក់ ក្នុងនោះ ចាប់យកវត្ថុតាងរួមមាន ម្សៅសថ្លាចំនួន២៧កញ្ចប់, ម្សៅពណ៌សចំនួន៣៨កញ្ចប់, ថ្នាំកញ្ចប់ពណ៌ក្រហម (ថ្នាំគ្រវី) ចំនួន១៩៦កញ្ចប់, ថ្នាំគ្រាប់ចំនួន៤បន្ទះ, ដបជក់ចំនួន១, ម៉ាស៊ីនផលិតថ្នាំញៀន ចំនួន១ឈុត, រថយន្ត ចំនួន២គ្រឿង, ម៉ូតូចំនួន៥គ្រឿង និងទូរស័ព្ទដៃចំនួន១គ្រឿង។
ដោយឡែកទីតាំងទី២៖ បង្ក្រាបករណីប្រើប្រាស់គ្រឿងញៀន នៅចំណុចក្រុម៦ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ចាប់យកវត្ថុតាងរួមមាន ដបជក់ចំនួន៤, ដែកកេះចំនួន២ និងខ្សៀជក់ចំនួន១។
គួរជម្រាបថា ជាមួយនឹងលទ្ធផលនៃប្រតិបត្តិការនេះ ត្រូវបាន ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បញ្ជាក់ថា លោក គួច ចំរើន ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ក៏បានផ្ដល់រង្វាន់លើកទឹកចិត្តដល់កម្លាំងកងរាជអាវុធហត្ថខេត្តរបស់លោកផងដែរ៕