(ភ្នំពេញ)៖ ក្រោយពីទទួលបណ្តឹងរបស់ប្រជាពលរដ្ឋ និងការចុះធ្វើកិច្ចសន្យា បញ្ឈប់ការរំខានដល់ដំណេកប្រជាពលរដ្ឋជិតខាង ជាច្រើនលើកច្រើនសារមកនោះ នៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២០នេះ កម្លាំងអាជ្ញាធរខណ្ឌចំការមន បានចុះដកហូតអាជ្ញាប័ណ្ណ អនុញ្ញាតធ្វើអាជីវកម្ម និងឧបករណ៍បំពង់សម្លេងនៅភោជនីយដ្ឋាន «បាសាក់លេន» ដែលស្ថិតនៅផ្ទះលេខ១៤សេ ផ្លូវលេខ៣០៨ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ប្រតិបត្តិការនេះ ដោយបានការអនុញ្ញាតពីលោក ស៊ិន វិរៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ហើយក្រុមការងារចម្រុះរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយ លោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន តំណាងលោក ថេង សុថុល អភិបាលខណ្ឌចំការមន ដោយមានការចូលរួមពី កងរាជអាវុធហត្ថខណ្ឌចំការមន រដ្ឋបាលសង្កាត់ទន្លេបាសាក់ និងប៉ុស្ដិ៍នគរបាលសង្កាត់ទន្លេបាសាក់។
បើតាមមន្ត្រីសាលាខណ្ឌ បានឲ្យដឹងថា ដោយម្ចាស់អាជីវកម្មនៅតែបន្តផ្គើន នឹងអាជ្ញាធរ ដោយបានចាក់ភ្លេងបំពងសម្លេងខ្លាំងៗដដែល និងមិនបានអនុវត្តតាមកំណត់ហេតុណែនាំរបស់អាជ្ញាធរ ដែលចុះផ្អាកអាជីវកម្មភោជនីយដ្ឋាន «បាសាក់លេន» ជាស្ថាបពរ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ របស់ក្រុមការងារចម្រុះរដ្ឋបាលខណ្ឌចំការមន ដោយម្ចាស់អាជីវកម្មបានបកហែកក្រដាសប្រកាស ដែលអាជ្ញាធរបានបិទ នៅទីតាំងនោះ។
មន្ត្រីខណ្ឌបន្តថា មុនឈានដល់ការបិទ និងដកហូតនូវឧបករណ៍បំពងសម្លេងនេះ អាជ្ញាធរបានណែនាំអោយម្ចាស់ភោជនីយដ្ឋាន «បាសាក់លេន» ឲ្យបន្ថយសម្លេង ប៉ុន្តែម្ចាស់នៅតែលេងភ្លេង និងបើកបំពងខ្លាំងៗ ផ្គើន និងហែកប្រកាសរបស់អាជ្ញាធរថែមទៀត។ ទើបនៅយប់ថ្ងៃទី១៨ មករា អាជ្ញាធរខណ្ឌចំការមន សម្រេចចុះបិទ និងដកហូតឧបករណ៍ភ្លេង របស់ភោជនីយដ្ឋាន បាសាក់លេន និងបិទទាំងស្រុងតែម្តង៕