(ភ្នំពេញ)៖ អតីតសិស្សវិទ្យាល័យបឹងត្របែក ជំនាន់ឆ្នាំ១៩៨៨ ចំនួន១២១នាក់ បានរួមគ្នាប្រារព្ធពិធីរំឭកគុណគ្រូលើកទី០១ នាយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ដើម្បីបង្ហាញពីការដឹងគុណគ្រូបង្រៀន ដែលបានផ្ទេរចំណេះដឹង និងពុទ្ធិដល់សិស្សានុសិស្ស ដែលពួកគេចាត់ទុកថាគ្រូបង្រៀន ជាអ្នកសាបព្រោះវប្បធម៌ និងអរិយធម៌។
អតីតសិស្សវិទ្យាល័យបឹងត្របែក ឆ្នាំ១៩៨៨ បានចាត់ទុកការប្រារព្ធពិធីរំឭកគុណគ្រូ និងសំពះគ្រូថាជាការលើកស្ទួយវប្បធម៌ខ្មែរ និងជាការរួមចំណែកពង្រឹងគុណភាពអប់រំ ខណៈបច្ចុប្បន្នការប្រារព្ធពិធីនេះ ស្ទើរតែបាត់សូន្យពីសង្គម ហើយយុវសិស្សមួយចំនួនហាក់មិន ដឹងពីសាវតារ និងគុណតម្លៃពីពិធីនេះដែរ។
បើតាមតំណាងអតីតសិស្សដែលទទួលបានចំណេះដឹងពីលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យបឹងត្របែក បានរំពឹងថា ពិធីនេះ គឺជាគំរូដល់យុវសិស្សជំនាន់ក្រោយៗ ត្រូវរួមគ្នាលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូដែលប្រឹងប្រែងសាបព្រោះ ចំណេះវិជ្ជា និងពុទ្ធិ (ប្រាជ្ញា) ដល់សិស្ស។
សម្រាប់ការរៀបចំការជួបជុំគ្នាលើកទី១នេះ គឺបានការផ្តួចផ្តើមចងក្រងជាលេខទូរស័ព្ទ និងភ្ជាប់ទំនាក់ទំនងអតីតសិស្សទាំងអស់ នៃវិទ្យាល័យបឹងត្របែក ជំនាន់ឆ្នាំសិក្សា១៩៨៨ តាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាម ដោយចេញដំណើរពីថ្នាក់អី និងបានពង្រីកជាបន្តបន្ទាប់ ទៅបណ្តាថ្នាក់ផ្សេងៗទៀត ក្នុងគោលបំណងស្វែងរកមិត្តភក្ត្រចាស់ៗ ដែលបានបែកគ្នា ដើម្បីអាចដឹងសុខទុក្ខគ្នា និងអាចជួយគ្នាក្នុងករណី ចាំបាច់ណាមួយតាមលទ្ធភាព។
បើតាមអតីតសិស្សដដែល បានចាត់ទុកការប្រារព្ធពិធីរំឭកគុណគ្រូ និងសំពះគ្រូមានអត្ថន័យជ្រៅ និងមានចំណុចវិជ្ជមានច្រើនជាពិសេស គឺលើក ស្ទួយប្រពៃណី វប្បធម៌ខ្មែរ និងពង្រឹងប្រសិទ្ធភាព វិស័យ អប់រំ តាមរយៈការលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ។ ដោយមើលឃើញថា បច្ចុប្បន្នពិធីរំឭក គុណគ្រូហាក់ត្រូវបានយុវជនភាគច្រើនមើលរំលងដែលនាំឱ្យពិធីនេះ កាន់តែឃ្លាតឆ្ងាយពីសង្គម ហើយពិធីរំឭកគុណគ្រូ និងសំពះគ្រូ គឺជាកាតព្វកិច្ចប្រកបដោយសីលធម៌ជ្រាលជ្រៅ និងជំរុញឱ្យយុវជនជ្រាបពីគុណតម្លៃ និងការខំប្រឹងប្រែងសាបព្រោះចំណេះដឹង របស់គ្រូបង្រៀនការប្រារព្ធពិធីនេះ មកធ្វើឱ្យអតីតសិស្សកាន់តែយល់ចិត្តគ្នាទៅវិញទៅមក កាន់តែស្វែងយល់ពីលោកគ្រូ អ្នកគ្រូផងដែរ។
នៅក្នុងថ្ងៃជាឱកាសដ៏វិសេសវិសាល ដែលអតីតសិស្សជំនាន់១៩៨៨ទាំងអស់ បានធ្វើពិធីជួបជុំគ្នាជាលើកដំបូងនេះ បន្ទាប់ពីពួកគាត់ទាំងអស់គ្នាបានបែកគ្នា លោកនាយក លោកគ្រូ អ្នកគ្រូ អស់រយៈពេលប្រមាណជិត៣២ឆ្នាំ ក្រោយពីបញ្ចប់ការសិក្សា នាសម័យប្រឡងថ្ងៃទី១៨ មិថុនា ឆ្នាំ១៩៨៨។ ការជួបជុំគ្នានេះ ក៏គឺជាការរំពឹងទុកមកជាយូររបស់មិត្តភក្ត្រទាំងអស់គ្នា អាចជួបគ្នាសាសងគ្នាឡើងវិញ លើកមកវិញ នូវកម្រងអនុស្សាវរីយ៍ មិត្តភាព ការប្រាស្រ័យទាក់ទងគ្នារបស់ពួកយើងកាលពីយុវវ័យដែលស្ទើរតែបានជីកកប់បាត់ទាំងស្រុង ទៅតាមពេលវេលា៕