(ត្បូងឃ្មុំ)៖ ក្រុមប្រជាពលរដ្ឋខ្មែរមូស្លីម នៅក្នុងឃុំក្រូចឆ្មារ ខេត្តត្បូងឃ្មុំចំនួន៤២០នាក់ ទទួលបានសម្ភារៈសំរាប់ថ្វាយបង្គុំព្រះ ម្នាក់មួយឈុត ពីលោកស្រី យូសុះ ហ្វាតៀរនី ថ្នាក់ដឹកនាំស្ត្រីឥស្លាមកម្ពុជា។
ដំណើរនៃការចែកអំណោយនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ក្រោមសម្រែកសាទរពីពលរដ្ឋខ្មែរមូស្លីមជាមួយនឹងស្នាមញញឹមរីករាយ ក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
លោកស្រី យូសុះ ហ្វាតៀរនី សមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួយសប្បុរសនេះ បានមកតាមរយៈអង្គការអាល់តាមីស៊ី ខណៈលោកស្រីបានខិតខំកៀរគរដល់បណ្ដាសប្បុរសជនឥស្លាម តាមបណ្ដាប្រទេសឥស្លាមនានា ដើម្បីផ្ដល់ជំនួយមកដល់ពលរដ្ឋខ្មែរឥស្លាម ដែលមានជីវភាពក្រីក្រ។
លោកស្រីសង្កត់ធ្ងន់ថា «អរគុណសន្តិភាព» អរគុណរាជរដ្ឋាភិបាល ពិសេសសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាតិ ឲ្យមានសុខសន្តិភាព មានស្ថេរភាព មានការរីកចំរើន តាំងពីបាតដៃទទេ រហូតដល់មានការរីកចំរើនជាងមុន សេដ្ឋកិច្ចរីកលូតលាស់គួរឲ្យកត់សម្គាល់ រីឯប្រជាពលរដ្ឋកាន់តែមានជីវភាពល្អប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ។
ទន្ទឹមនឹងសារនេះផងដែរ លោកស្រីក៏បានសន្យាថានឹងបន្តកៀរគរសប្បុរសជនទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីជួយជ្រោមជ្រែងដល់បងប្អូនប្រជាពលរដ្ឋ និងសហគមន៍ខ្មែរឥស្លាម ឲ្យមានការរីកចំរើនបន្តទៅមុខជាលំដាប់ ពិសេស គឺធ្វើយ៉ាងណាដើម្បីចូលរួមលើកស្ទួយសន្តិភាព ការអភិវឌ្ឍន៍សហគមន៍ អភិវឌ្ឍន៍ធនធានមនុស្សក្រោមម្លប់សន្តិភាព របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
គួរជម្រាបថា អង្គការអាល់តាម៉ីស៊ី សហការជាមួយលោកស្រី យូសុះ ហ្វតៀរនី ក្នុងគម្រោងជួយពលរដ្ឋខ្មែរមូស្លីមក្រីក្រ ជារៀងរាល់ឆ្នាំពិសេស គឺរាល់វេលាខិតជិតមកដល់នូវខែរ៉ម៉ាឌន ដ៏ពិសិដ្ឋនៃសាសនាឥស្លាម ខណៈសរុបទាំងអស់នៃតម្លៃសម្ភារៈនោះគឺ ម៉ាខ្នាសម្រាប់នារីមានចំនួន៦០០០កំប្លេមានតម្លៃ ៥៤០០០ដុល្លារ រីឯសារ៉ុងសម្រាប់បុរស មានចំនួន៦០០០កំប្លេ មានតម្លៃ៤២០០០ដុល្លារ សរុបទាំងអស់ អង្គារអាល់តាម៉ីស៊ីបានជួយឧបត្ថម្ភនូវថវិការមានចំនួន ៩៦០០០ដុល្លារ តាមរយៈលោកស្រី យូសុះ ហ្វាតៀរនី ៕