(ស្វាយរៀង)៖ ពាន់រង្វាន់ស្វាយរៀងខាប់លើកទី៥ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ បានរៀបចំចាប់ពូលដើម្បីធ្វើការប្រកួត ដែលមានក្រុមបាល់ទាត់មហាជន ចូលរួមចំនួន៥១ក្រុម មកពីតាមបណ្តាស្រុក-ក្រុងទាំង ០៨ទូទាំងខេត្តស្វាយរៀង និងមានមន្ត្រី កីឡាករសរុបមានចំនួនប្រមាណ១,៤០០នាក់។
ពាន់រង្វាន់ស្វាយរៀងខាប់ បានបង្កើតឡើងនៅឆ្នាំ២០១៣ ដោយមានការផ្តួចផ្តើមពីសំណាក់ លោក ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង។
ការប្រកួតគ្រោងចាប់ផ្តើមពី ខែមករា ឆ្នាំ២០២០ខាងមុខនេះតទៅ។ ចំពោះលក្ខខណ្ឌចូលរួមក្រុមកីឡាទាំងអស់អាចមានកីឡាករត្រូវមានសញ្ជាតិខ្មែរ មានពីអាយុចាប់ពី១៦ឆ្នាំឡើងទៅ មួយក្រុមមានសមាជិកច្រើនបំផុត ចំនួន២៣នាក់ និងយ៉ាងតិចបំផុត១៧នាក់ ហើយក្នុងមួយក្រុមអាចនាំយកកីឡាករក្រៅខេត្តចំនួន៣នាក់ និង២០នាក់ទៀត ជាអ្នករស់នៅក្នុងខេត្តស្វាយរៀង ឬមានទីកន្លែងកំណើតនៅក្នុងខេត្តស្វាយរៀង។
រូបមន្តនៃការប្រកួតរបស់ក្រុមទាំង ៥១ត្រូវបានបែងចែកចេញជា ១៣ពូល ដោយក្នុង១ពូលមានចំនួន ៤ក្រុម សម្រាប់ពូលទី១៣មានចំនួនតែ ៣ក្រុមប៉ុណ្ណោះ ហើយត្រូវធ្វើការប្រកួតវិលជុំក្នុងពូល ដើម្បីយកក្រុមចំណាក់ថ្នាក់លេខ១ និងលេខ២ ឡើងទៅវគ្គ ៣២ក្រុមបន្ត។
ដោយឡែកក្រុមលេខរៀងទី៣ ល្អជាងគេក្នុងពូល ចំនួន ៦ក្រុមក៏មានឱកាសឡើងទៅវគ្គបន្តផងដែរ។ ចំពោះវគ្គ ៣២ក្រុម ១៦ក្រុម ៨ក្រុម ៤ក្រុមចុងក្រោយ នឹងត្រូវធ្វើការចាប់ឆ្នោតដើម្បីជួបប្រកួតគ្នា៕