(ត្បូងឃ្មុំ)៖ លោក ហាប់ អូម៉ាលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍនជនបទ បានប្រាប់ទៅក្រុមប្រជាពលរដ្ឋខ្មែរឥស្លាមនៅស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំថា «អរគុណសន្តិភាព ទើបពួកយើងមានថ្ងៃនេះ» ខណៈជំនួបនេះធ្វើឡើងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ នៅឯស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ជំនួបនេះមានសមាសភាពចូលរួមផងដែរពីលោកស្រី យូសុះ ហ្វាតៀរនី សមាជិកក្រុមលេខាសម្ដេចតេជោហ៊ុនសែន សមាជិកក្រុមប្រឹក្សាស្រុក គណៈអ៉ីមាំស្រុក សមាជិកក្រុមប្រឹក្សាឃុំ ហាគឹម និងភូឈួយសរុបមាន ចំនួន៥០០នាក់ ។
លោក ហាប់ អូម៉ាលី បានលើកឡើងថា អរគុណសន្តិភាព ដែលផ្ដល់ឱកាសអោយថ្នាក់ដឹកនាំបានចូលរួមបម្រើសហគមន៍ ទន្ទឹមនឹងគោលនយោបាយឈ្នះៗ របស់ សម្ដេចតេជោ ដែលខិតខំថែក្សា និងអភិវឌ្ឍន៍ប្រទេសជាតិអោយរីកចម្រើនទៅមុខ មានគោលនយោបាយសុខដុមនីយកម្មសាសនាល្អប្រសើរ សេដ្ឋកិច្ចមានការរីកចំរើន ពលរដ្ឋមានជីវភាពកាន់តែធូរធារឡើងៗ។
ក្នុងនោះដែរលោករដ្ឋលេខាធិការ បានផ្ដាំផ្ញើថ្នាក់ដឹកនាំឥស្លាមដែលមកពីបណ្ដាភូមិឃុំផ្សេងៗគ្នា ចូលរួមរក្សាសន្តិភាពជាមួយរាជរដ្ឋាភិបាលកម្ពុជាទៅមុខទៀត និងជួយផ្សព្វផ្សាយដល់បណ្ដាសាសនិកឥស្លាមក្នុងភូមិទាំងអស់ឲ្យយល់ពីតម្លៃសន្តិភាព កិត្យានុភាព និងគុណបំណាច់របស់សម្ដេចតេជោហ៊ុនសែនព្រមទាំងថ្នាក់ដឹកនាំគណបក្សប្រជាកម្ពុជាផងដែរ៕