(ភ្នំពេញ)៖ ដោយសង្កេតឃើញថាវិស័យសុខាភិបាលនៅកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់ ទាំងមូលដ្ឋានសុខាភិបាលសាធារណៈ និងមូលដ្ឋាន សុខាភិបាលឯកជន ក្រុមវេជ្ជបណ្ឌិតជំនាញជាច្រើនរូប បានសម្រេចបង្កើតជាសមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជននៅកម្ពុជា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការ ទាំងការងារបច្ចេកទេស និងការងារគ្រប់គ្រងការផ្តល់សេវាពិនិត្យ ព្យាបាលជំងឺក្នុងក្របខ័ណ្ឌ វិជ្ជាជីវៈសុខាភិបាលស្របច្បាប់ដល់មូលដ្ឋានសុខាភិបាល ឯកជន ដើម្បីធ្វើការព្យាបាលអ្នកជំងឺឲ្យកាន់តែមានសុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់។
ពិធីប្រកាសបើកដំណើរសមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជននៅកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ នៅភោជនីយដ្ឋាន ទន្លេបាសាក់២ និងដោយមានការចូលរួមពីក្រុម វេជ្ជបណ្ឌិតជំនាញ០៩ រូបផងដែរ។ សមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជននៅកម្ពុជា នេះដែរបង្កើតឡើងដោយមានការគាំទ្រ និងទទួលស្គាល់ពីក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃផងដែរ។
លោកវេជ្ជបណ្ឌិត ជា សំអាន ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជននៅកម្ពុជា បានឱ្យដឹងថាគោលបំណនៃកាបង្កើតសមាគមនេះ គឺដើម្បីជាការរួបរួមគ្នារវាងគ្រូពេទ្យឯកទេសដែលមានជំនាញផ្សេងៗ ដើម្បីជួបជុំគ្នាធ្វើការផ្លាស់ប្តូយោបល់ និងបច្ចេកទេសរៀងៗខ្លួនធ្វើយ៉ាងណា ឱ្យវិស័យសុខាភិបាល យើងមានការរីកចំរើនឡើង ដើម្បីឱ្យអ្នកជំងឺដែលមករកសេវាព្យាបាលមានភាពកកក្តៅ នៅពេលដែលមករកគ្រូពេទ្យដើម្បីធ្វើការព្យាបាល និងបង្ហាញឱ្យពលរដ្ឋឃើញថា គ្រូពេទ្យនៅក្នុងប្រទេសយើង ក៏មានសមត្ថភាពមិនចាញ់គ្រូពេទ្យនៅបរទេសនោះទេ ហើយងាកមករកសេវាព្យាបាលនៅក្នុងប្រទេសវិញ ជៀសវាងចេញទៅរកសេវាព្យា បាលនៅក្រៅប្រទេស ដែលនាំឱ្យមានការចំណាយច្រើន។
លោកវេជ្ជបណ្ឌិត ង៉ូវ កាង ប្រធានគណៈកម្មការប្រតិបត្តិសមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជននៅកម្ពុជា បានឱ្យដឹងដែរថា សមាគមនេះបង្កើតឡើងដើម្បីប្រមូល ផ្តុំម្ចាស់តំណាងមូលដ្ឋានសុខាភិបាល ឯកជនទាំងអស់នៅកម្ពុជា ដែលកំពុងដំណើរការពិនិត្យនិងព្យាបាលជំងឺ ដែលមានអាជ្ញាប័ណ្ណស្របច្បាប់ ពីក្រសួងសុខាភិបាល ឬមន្ទីរសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ចដែលតម្រូវដោយច្បាប់ ក្នុងគោលបំណងរឹតចំណងមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការ ទាំងការងារបច្ចេកទេស និងការងារ គ្រប់គ្រងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺក្នុងក្របខ័ណ្ឌប្រកបមុខរបរវិជ្ជាជីវៈសុខាភិបាលស្របច្បាប់ឲ្យមានសុវត្ថិភាព និងមានការយោគយល់គ្នា។
ជួយផ្សព្វផ្សាយនូវច្បាប់លិខិត បទដ្ឋានគតិយុត្តិនានា ពាក់ព័ន្ធនឹងវិស័យសុខាភិបាលដល់សមាជិកសមាគម ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់, ជួយបណ្តុះបណ្តាល ផ្តល់ព័ត៌មានបច្ចេកវិទ្យាទំនើបៗ ផ្តល់បច្ចេកទេសនិងការគ្រប់គ្រងលើការផ្តល់សេវាសុខាភិបាល ដើម្បីឲ្យការផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺប្រកបដោយគុណភាព និងមានសុវត្ថិភាព, ជួយផ្តល់ប្រឹក្សា និងផ្តល់សេវាផ្នែកច្បាប់ព្រមទាំងក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល ដល់សមាជិកក្នុងករណីសមាជិកសមាគមបានអនុវត្តត្រឹមត្រូវ ស្របតាមផ្លូវច្បាប់នៅពេលដែលមានសំណើសុំជំនួយពីសមាជិកសមាគម និងរួមគ្នាការពារសមាជិកសមាគមក្នុងការធ្វើសកម្មភាពស្របច្បាប់ពាក់ព័ន្ធ នឹងការផ្តល់ សេវាពិនិត្យ និងព្យាបាលជំងឺ និងបង្កើនទំនាក់ទំនងសហប្រតិបត្តិការជាមួយសមាគមក្នុងស្រុក និងអន្តរជាតិ ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកព័ត៌មាន គ្នាទៅវិញទៅមក ដើម្បីឈានទៅរកភាពរីកចម្រើនផ្នែកបច្ចេកទេសសុខាភិបាលក្នុងការពិនិត្យ និងព្យាបាលជំងឺផងដែរ។
លោកវេជ្ជបណ្ឌិត ង៉ូវ កាង ក៏សំណូមពរឱ្យគ្រូពេទ្យនៅតាមស្ថាប័នឯកជនទាំងអស់ ចូលរួមជាសមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជននៅកម្ពុជា ដើម្បីធ្វើយ៉ាងពង្រឹងសេវាពិនិត្យ និងព្យាបាលជំងឺនៅកម្ពុជាយើងឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ សមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជននៅកម្ពុជា មានស្នាក់ការកណ្តាលស្ថិតនៅ អគារលេខ៤០ABC ផ្លូវជាតិលេខ១ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ព័ត៌មានបន្ថែម ០៨៥ ៧៧៧ ៧២៧, ០១៦ ៨៩៥ ៧៧៧, facebook page សមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជននៅកម្ពុជា ( ស.ស.ឯ.ក ) email [email protected]៕