(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានជំរុញឲ្យគ្រប់សាលារៀនទាំងឯកជន និងរដ្ឋត្រូវមានការផ្សព្វផ្សាយ និងទប់ស្កាត់ការលក់នំចំណី និងភេសជ្ជៈ ផ្អែមក្នុងបរិវេណសាលារៀន ដោយសារថា ការទទួលទាននំចំណីផ្អែម និងភេសជ្ជៈផ្អែមខ្លាំងនឹងធ្វើឲ្យក្មួយៗសិស្សានុសិស្ស ដែលជាទំពាំងស្នងប្ញស្សីនៃសង្គមជាតិត្រូវប្រឈមមុខនឹងហានិភ័យ ដូចជាជំងឺដង្កូវស៊ីធ្មេញ, ជំងឺបេះដូង, ជំងឺធាត់ហួសកម្រិត និងជំងឺទឹកនោមផ្អែមជាដើម។
ការជំរុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ក្នុងពិធីសម្ពោធសាលារអន្តរជាតិ អេដ វេន ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានលើកឡើងថា ការបង្កើតសាលាបង្រៀនឯកជន សាលារអន្តរជាតិ អេដវេន នេះ គឺជាផ្នែកមួយនៃការគាំទ្រគោលនយោបាយកំណែទម្រង់វិស័យអប់រំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាការចូលរួមចំណែកលើកកម្ពស់ការផ្តល់សេវាអប់រំកាន់តែប្រសើរឡើងនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។ សាលារៀនឯកជន មានតួអង្គដ៏សំខាន់មួយ ក្នុងចំណោមតួអង្គស្នូលនានា នៅក្នុងការកសាងមូលធនមនុស្សសម្រាប់ការពារ កសាង និងអភិវឌ្ឍប្រទេសជាតិ។
ក្នុងឱកាសនោះដែរលោក ឃួង ស្រេង ក៏បានជំរុញឲ្យលោកស្រី ជា ស៊ីណា ប្រធានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូទាំងអស់ នៃសាលាអន្តរជាតិ អេដ វេន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរាល់កម្មវិធីអប់រំ និងនិយាមគរុកោសល្យរបស់ក្រសួងអប់រំ យុវជន និងកីឡា ពិសេសត្រូវអនុវត្តគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ការអប់រំសម្រាប់ទាំងអស់គ្នា និងការជំរុញចលនាអប់រំក្នុងសាលាតាមពាក្យស្លោក «កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ» ឱ្យកាន់តែសកម្មខ្លាំងក្លា និងមានប្រសិទ្ធភាពខ្ពស់។ លោកថ្លែងថា ត្រូវផ្តល់សេវាអប់រំ ដោយផ្តោតជាសំខាន់លើ «គុណភាពជាចម្បង»។
លោក ឃួង ស្រេង បានជំរុញបន្ថែមថា គួរផ្សារភ្ជាប់ការអប់រំសិស្សានុសិស្ស ទៅនឹងមេរៀនប្រវត្តិសាស្ត្រ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ វប្បធម៌សន្តិភាព ការគោរពសិទ្ធិ សេចក្តីថ្លៃថ្នូររបស់មនុស្សសីលធម៌ សុជីវធម៌ សិល្បៈ កីឡា និងបំនិនជីវិតផ្សេងៗដើម្បីឱ្យពួកគេទទួលបាននូវចំណេះដឹងកាន់តែប្រសើរ និងក្លាយជាគ្រាប់ពេជ្រពិតប្រាកដសម្រាប់សង្គមជាតិ។ គួរបានបង្កើតកម្មវិធីអប់រំផ្សព្វផ្សាយបន្ថែម ពាក់ព័ន្ធទៅនឹងការប្រយុទ្ធប្រឆាំងអំពើហឹង្សា, ការជួញដូរស្រ្តី និងកុមារ លុបបំបាត់ការរើសអើងក្នុងសង្គម, ទប់ស្កាត់ការរីក រាលដាលនៃមេរោគអេដស៍-ជំងឺអេដស៍, គ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន និងការអប់រំពាក់ព័ន្ធនឹងការគោរពច្បាប់ចរាចរណ៍ផ្លូវគោកជាដើម។
«ជំរុញការផ្សព្វផ្សាយ និងទប់ស្កាត់ការលក់នំចំណី ផ្អែម និងភេសជ្ជៈ ផ្អែមក្នុងបរិវេណសាលារៀន ដូចអ្វីដែលរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំនាពេលកន្លងមក ពីព្រោះការទទួលទាននំចំណីផ្អែម និងភេសជ្ជៈផ្អែមខ្លាំងនឹងធ្វើឱ្យក្មួយៗសិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សីនៃសង្គមជាតិយើង ត្រូវប្រឈមមុខនឹងហានិភ័យ ដូចជាជំងឺដង្កូវស៊ីធ្មេញ, ជំងឺបេះដូង, ជំងឺធាត់ហួសកម្រិត និងជំងឺទឹកនោមផ្អែមជាដើម ហើយប្រសិនបើធនធានមនុស្សរបស់យើងមានសុខភាពមិនល្អ នោះសង្គមជាតិក៏ត្រូវជួបប្រទះបញ្ហាដែរ ដូច្នេះយើងត្រូវយកចិត្តទុកដាក់អំពីបញ្ហានេះទាំងអស់គ្នា»។ អភិបាលរាជធានីភ្នំពេញ គូសបញ្ជាក់។
លោកស្រី ជា ស៊ីណា បានថ្លែងថា ដោយទឹកចិត្តស្រឡាញ់គាំទ្រវិស័យអប់រំ និងទទួលបានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម និងក្រសួងអប់រំផង នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៨ លោក សេង ឡុង បានបង្កើតសហគ្រាសឯកបុគ្គល ស្មាធឃីដ អ៊ីនធើណេសិនណលស្គល ហើយបើកបម្រើសេវាអប់រំឯកជនក្រោមពាណិជ្ជនាម «ស្មាធ-ឃីដ អ៊ិនធើណេសិនណលស្កូល ឬ សាលាអន្តរជាតិ ស្មាធ ឃីដ សាខាទី០១» ចាប់ពីថ្ងៃ០៧ មករា ឆ្នាំ២០០៩ ដោយមានការគាំទ្រពីមាតាបិតា និងសិស្សានុសិស្សយ៉ាងច្រើនរហូតដល់ចំនួន ចុះឈ្មោះសិក្សាកើនដល់ប្រមាណ៣០០០នាក់ ក្នុងឆ្នាំសិក្សា២០១៨-២០១៩ ។ សហគ្រាសឯកបុគ្គល «ស្មាធ-ឃីដ អ៊ិនធើណេសិនណលស្គល» បានវិវត្តន៍ខ្លួនទៅជាក្រុមហ៊ុនស្មាធ ឃីដ អ៊ិនធើណេសិនណលស្គល ត្រាស់ អេទ្យCo.Ltd ហើយពង្រីកសក្តានុពលខ្លួនពី០១ សាខារហូតដល់ ០៧សាខា។
សូមបញ្ជាក់ថា សិស្សដែលបានចុះឈ្មោះនៅថ្ងៃសម្ពោធ នឹងទទួលបានកាបូបវ៉ាលីសិស្សដ៏ស្រស់ស្អាត១ ហើយក្នុងនោះសាលាមានកាបញ្ចុះតម្លៃជាទូទៅ ចាប់ពីថ្ងៃទី១៨ ខែមករា ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០៕