(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ត្រី ប៉ូច សុខជា នាយរងការិយាល័យអធិការកិច្ចកងទ័ពជើងគោក ឈរជើងទិសប្រាសាទព្រះវិហារ បានថ្លែងថា លោកមិនបានរំលោភយកដីរបស់គេចំនួន ៥ម៉ែត្រ នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដូចការផ្សព្វផ្សាយតាមបណ្តាញសង្គមនោះទេ។
លោកឧត្តមសេនីយ៍ត្រី ប៉ូច សុខជា បានរៀបរាប់ប្រវត្តិដីទំនាស់ឲ្យដឹងថា ដីនេះដំបូងឡើយគឺលោកបានប្រគល់ឲ្យលោក សុក ហៃ អតីតអភិបាលស្រុកជាំក្សាន្ត បច្ចុប្បន្នជាអភិបាលរងខេត្តកំពង់ធំ ដែលមានទំហំ ២០ម៉ែត្រ គុណ១៥០ម៉ែត្រ ដោយឥតគិតថ្លៃ លុះក្រោយមកលោក សុក ហៃ បានលក់ដីនេះបន្តទៅឲ្យលោកស្រី ឌុច គឹមយ៉ាន។
បន្ទាប់ពីលោកស្រី ឌុច គឹមយ៉ាន បានទិញដីលោក សុក ហៃ រួចហើយ លោកស្រីបានមកសុំទិញដី ៥ម៉ែត្រពីលោក ប៉ូច សុខជា ទៀតក្នុងតម្លៃ ៧០០$ ពេលនោះលោក ប៉ូច សុខជា ក៏បានយល់ព្រមព្រោះនឹកឃើញថាសុទ្ធតែគ្នាឯង។
ស្របពេលលោកស្រី ឌុច គឹមយ៉ាន បានទទួលការឯកភាពពីលោក ប៉ូច សុខជារួចហើយ លោកស្រីក៏ទៅបាត់ ហើយលុយ ៧០០$ ក៏មិនបានប្រគល់ឲ្យលោក ប៉ូច សុខជា ឡើយ ដែលជាហេតុធ្វើឲ្យលោក ប៉ូច សុខជា ដកហូតដី ៥ម៉ែត្រនោះមកវិញរហូតសព្វថ្ងៃនេះ។
ដោយឡែក លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ ដែលជាអ្នកលក់ដីឲ្យលោកស្រី ឌុច គឹមយ៉ាន បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ថា តាមពិតដីដែលមានទំហំ ២០ម៉ែត្រ និងបណ្តោយ ១៥០ម៉ែត្រ ដែលលោកលក់ឲ្យលោកស្រី ឌុច គឹមយ៉ាននោះ គឺលោក ប៉ូច សុខជា បានប្រគល់ឲ្យលោក ដោយមិនគិតប្រាក់នោះទេ។ ក្រោយពីបានទិញរួចហើយ លោកស្រី ឌុច គឹមយ៉ាន បានឲ្យលោកជួយបញ្ជាក់ថា ដីដែលទិញនោះទំហំ ២៥ម៉ែត្រ គុណ ១៥០ម៉ែត្រទៀតផង។
ពេលនោះលោកមិនឯកភាពទេ ដោយសារតែដីដែលលោក ប៉ូច សុខជា ឲ្យលោកគឺទំហំតែ ២០ម៉ែត្រគុណ ១៥០ម៉ែត្រប៉ុណ្ណោះ តែលោកស្រី ឌុច គឹមយ៉ាន បាននិយាយប្រាប់វិញថា បាននិយាយត្រូវគ្នាជាមួយលោក ប៉ូច សុខជា រួចហើយ។
លោក សុក ហៃ បានបញ្ជាក់ថា កាលនោះបើលោកស្រី ឌុច គឹមយ៉ាន ប្រគល់លុយ ៧០០ដុល្លារទៅឲ្យលោក ប៉ូច សុខជា ថ្លៃទិញដី ៥ម៉ែត្រថែមទៀតនោះ ក៏មិនមានរឿងដល់ពេលនេះដែរ។ ទើបតែពេលនេះដីឡើងថ្លៃ លោកស្រីពឹងឲ្យរូបលោកយកលុយ ៧០០ដុល្លារ ទៅឲ្យលោក ប៉ូច សុខជា គេម៉េចនឹងទទួលយកកើតទៅ?
លើសពីនេះទៀតលោក សុក ហៃ និយាយថា គាត់លក់ដីឲ្យលោកស្រី ឌុច គឹមយ៉ាន រហូតមកដល់ពេលនេះ ក៏មិនទាន់ឲ្យលុយគ្រប់ដែរ។ ទាក់ទងនិងបញ្ហានេះលោកស្រី ឌុច គឹមយ៉ាន មិនអាចសុំការបំភ្លឺបានទេ៕