(ភ្នំពេញ)៖ «យោងតាមលទ្ធផលនៃការអង្កេតតាមដានគុណភាពខ្យល់ពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ ដែលក្រសួងបរិស្ថានបានដំឡើងនៅរាជធានី និងខេត្តទូទាំងប្រទេស បានបង្ហាញថា ស្ថានភាពភាពគុណភាពខ្យល់បាន និងកំពុងវិលមករកភាពប្រសើរឡើងវិញហើយ ដែលកំហាប់ប៉ារ៉ាម៉ែត្រភាគល្អិតនិចល PM10 និង PM 2.5 មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅស្ថិតក្នុងរង្វង់ស្តង់ដារ។ ក្រុមមន្ត្រីជំនាញផ្នែកគុណភាពខ្យល់ក្រសួងបរិស្ថាននៅតែបន្តតាមដានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុត ហើយប្រសិនបើមានការវិវឌ្ឍថ្មីៗយ៉ាង ណា ក្រសួងនឹងជូនដំណឹងជូនដល់ប្រជាពលរដ្ឋបានជ្រាប»។ នេះគឺជាការប្រកាសរបស់ក្រសួងបរិស្ដាន តាមរយៈមន្ត្រីនាពាក្យរបស់ខ្លួននៅថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២០នេះ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា យោងតាមរបាយការណ៍ត្រួតពិនិត្យគុណភាពខ្យល់នៅទូទាំងប្រទេសរហូតមកដល់ម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី១៨ ខែមករា កំហាប់ភាគល្អិតនិចលក្នុងខ្យល់មានការធ្លាក់ចុះតំបន់ខ្លះធ្លាក់មកក្រោមស្តង់ដារកំណត់ និងកន្លែង ខ្លះធ្លាក់មកក្នុងរង្វង់ស្តង់ដារកំណត់។ ការធ្លាក់ចុះនៃកំហាប់ភាគល្អិតនិចលនេះគឺដោយសារតែមានកិច្ច ខិតខំប្រឹងប្រែងរួមគ្នារបស់មន្ត្រីនៃក្រសួងបរិស្ថាន មន្ទីរបរិស្ថាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចូលរួមអប់រំ ផ្សព្វផ្សាយពីវិធានការចាំបាច់នានា។ រដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ថានេះគឺជាដំណឹងដ៏ល្អដែលនឹងផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ លើគុណភាពខ្យល់នៅកម្ពុជា។
ឯកឧត្តមបានថ្លែងថា ទោះបីជា ពេលនេះកំហាប់ភាគល្អិតនិចលដែលមានទំហំតូចជាងសសៃសក់ ១០ដងទៅទៀតមានការធ្លាក់ចុះ ហើយស្ថានភាពគុណភាពខ្យល់ ជារួមមានការប្រសើរឡើងក៏ពិតមែន ប៉ុន្តែមន្ត្រីជំនាញនៃក្រសួងបរិស្ថាន មន្ទីរបរិស្ថាននៅតាមបណ្តារាជធានីខេត្តទាំងអស់នៅតែបន្តតាមដាន និងចាត់វិធានការតាមការណែនាំ របស់ក្រសួងជាប្រចាំដើម្បីធានាថាស្ថានភាពគុណភាពខ្យល់មានគុណភាពល្អប្រសើរឡើងវិញ។
លោក នេត្រ ភក្ត្រា បានថ្លែងថា ការកើនឡើងកំហាប់ភាគល្អិតនិចល PM2.5 ក្នុងខ្យល់នេះមិនមែនមាននៅតែព្រះរាជាណាចក្រកម្ពុជាទេ ប៉ុន្តែនិន្នាការនៃកំណើននេះមាននៅក្នុងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ដោយសារតែអាកាសធាតុនៃអនុតំបន់ទន្លេមេគង្គមានភាពស្ងួតហួតហែង។
រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះបានឱ្យដឹងថា ប្រភពនិងសកម្មភាពសំខាន់ៗដែលជា ហេតុបង្កឱ្យមានកំហាប់ភាគល្អិតនិចល PM2.5 មានការកើនឡើងនេះមានជាអាទិ៍ការបញ្ចេញផ្សែង ពីរោងចក្រឧស្សាហកម្ម ពីយានយន្តប្រើប្រាស់ប្រេងម៉ាសូតនិងពីចំហេះឥន្ធនៈ ផ្សេងទៀត ភ្លើងឆេះ ព្រៃ ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំរាម ការដុតសំណល់រឹងនៅតាម ទីចំហ និងទីលានចាក់សំណល់ ការដ្ឋានសំណង់ជាដើម។
ដោយពិនិត្យឃើញនូវបញ្ហាបែបនេះ និងដើម្បីកែលម្អគុណភាពខ្យល់នៅតាមរាជធានី-ខេត្ត នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹងដល់មន្ទីរបរិស្ថាន រាជធានីខេត្តត្រូវសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្តវិធានការមួយចំនួន រួមមាន ១) ត្រូវចាត់វិធានការទប់ស្កាត់ភ្លើងឆេះ ព្រៃ និងការដុត សំរាមសំណល់រឹងនៅតាមទីចំហ ការឆេះនៅតាមទីលានចាក់សំរាម។ ២) ត្រូវចាត់វិធានការទប់ស្កាត់ការហុយ ធូលីពីការដ្ឋានសំណង់ និងការដ្ឋានកែលម្អហេដ្ឋា រចនាសម្ព័ន្ធ និងធូលីហុយនៅតាមដងផ្លូវ។ ៣) សម្អាតអនាម័យនៅតាមដងផ្លូវ និងទីសាធារណៈស្រោចទឹកលើដងផ្លូវកុំឱ្យធូលីហុយ។ ៤)ចុះអប់រំប្រជាពលរដ្ឋកុំឱ្យដុតសំរាម សំណល់រឹង ការដុតស្មៅគល់ជញ្ជ្រាំង និងសំណល់កសិកម្មផ្សេងៗទៀត។
ជាមួយគ្នានេះ ដើម្បីការពារសុខភាពឱ្យបានជៀសផុតពីការបំពុលជាយថហេតុណាមួយ រដ្ឋលេខាធិការក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានផ្តល់អនុសាសន៍ដល់បងប្អូន ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ឬជាអ្នកដែលធ្វើការនៅខាងក្រៅអគាររយៈពេលយូរ គួរតែពាក់ម៉ាស់ការពារ។ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថាននឹងធ្វើការជូន ដំណឹងជាបន្តបន្ទាប់នូវការវិវឌ្ឍថ្មីៗទាក់ទងនឹងស្ថានភាពគុណភាពខ្យល់នេះដើម្បីបងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការអនុវត្តវិធានការការពារឱ្យបានទាន់ពេលវេលា៕