(កំពង់ឆ្នាំង)៖ បើគេនិយាយពីរទេះគោខ្មែរ ជនជាតិខ្មែរគ្រប់រូបទាំងក្មេងទាំងចាស់ ពិតជាស្គាល់និមិត្តរូបរបស់វាយ៉ាងច្បាស់លាស់ ព្រោះរទេះគោបានមានវត្តមាននៅលើទឹកដីអច្ឆរិយៈ នៃយើងតាំងពីសម័យបុរេអង្គរ ក៏ដូចជាសម័យអង្គរដែរ ដែលកាលណោះរទេះគោបានបំពេញតួនាទីយ៉ាងសំខាន់បំផុតក្នុងសង្គមខ្មែរ មិនត្រឹមតែក្នុងផ្នែកសង្គមកិច្ចប៉ុណ្ណោះទេ ក៍ប៉ុន្តែពាក់ព័ន្ធទៅនឹងវិស័យជំនឿសាសនាផងដែរ។
តាំងពីដើមសតវត្សរ៍ទី១ រហូតមកដល់សព្វថ្ងៃ រទេះគោខ្មែរនៅតែជាទីពេញនិយមសម្រាប់ប្រជាពលរដ្ឋខ្មែរ នៅក្នុងការដឹកជញ្ជូនកសិផលផ្សេងៗ។ ជាក់ស្តែងប្រជាពលរដ្ឋចំនួន៣ភូមិ ក្នុងឃុំកំពង់ត្រឡាច បាននិងកំពុងប្រើប្រាស់រទេះគោខ្មែរ ដើម្បីដឹកភ្ញៀវទេសចរណ៍ក្នុងការរកចំណូល សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារបានមួយផ្នែកផងដែរ។
នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នេះលោក យុ ប៉ាសារួន មេឃុំកំពង់ត្រឡាច បានប្រាប់ភ្នាក់ងារប្រចាំខេត្តកំពង់ឆ្នាំងឲ្យដឹងថា ប្រជាពលរដ្ឋចំនួន៣ភូមិ គឺភូមិកំពង់ត្រឡាចលើ, ភូមិកំពង់ត្រឡាចក្រោម, និងភូមិអ្នកតាហាង ដែលមានរទេះគោខ្មែរចំនួន៦០គ្រឿង បាននិងកំពុងនាំគ្នាយករទេះគោខ្មែរ មកធ្វើជាមធ្យោបាយដឹកអ្នកទេសចរអន្តរជាតិគ្រប់ជាតិសាសន៍ ពីចំណតកប៉ាល់ទេសចរណ៍ ស្ថិតក្នុងភូមិកំពង់ត្រឡាចក្រោម មកទស្សនាវត្តកំពង់ត្រឡាចលើ ដែលជាវត្តបុរាណ និងមានរូបគំនូរជាប់បានល្អរាប់រយឆ្នាំមកហើយ។
ក្រៅពីមុខរបរធ្វើស្រែវស្សា ស្រែប្រាំង ធ្វើចំការ និងនេសាទ ប្រជាពលរដ្ឋ នៅបានចាប់យក មុខរបរនេះអស់រយៈពេលជិត១៩ឆ្នាំមកហើយ ដែលចំណូលពីការដឹកភ្ញៀវទេសចរណ៍ ក្នុង១ថ្ងៃៗបានប្រមាណពី១០ទៅ១៥ដុល្លារ ទៅតាមកំណើនភ្ញៀវឡើងចុះ តែពេលនេះពួកគាត់បានបង្កើតជាសហគមន៍មួយហើយក្នុងភូមិទាំង៣នោះ។
លោក នូ ផល្គុន អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅក្នុងស្រុកកំពង់ត្រឡាច រមណីយដ្ឋានដែលភ្ញៀវទេសចរបរទេសចូលចិត្តមក ទស្សនានោះគឺវត្តកំពង់ត្រឡាចលើ ឬវត្តពោធិរុក្ខារាម ព្រោះវត្តនេះបានកសាងឡើងតាំងពីឆ្នាំ១៦៧២ មានព្រះវិហារមួយ ត្រូវបានគេសាងសង់ឡើងដោយមានខឿនជាថ្មបាយក្រៀម និងរូបគំនូរតាមជញ្ជាំងវិហារ តាំងពីឆ្នាំ១៨៤៧ និងម្យ៉ាងទៀតគឺគេចង់ស្គាល់ពីរទេះគោខ្មែររបស់ជាតិយើង។
ចំណែកភ្ញៀវទេសចរណ៍ ក្នុង១ឆ្នាំៗមានការកើនឡើងជាលំដាប់ ហើយភ្ញៀវមកទស្សនាច្រើនបំផុត គឺក្នុងខែ១១និង១២ ចំណូលនៃការដឹកជញ្ជូនភ្ញៀវរបស់ពលរដ្ឋទាំង ៣ភូមិខាងលើនេះ មួយចំណែកក៏បានដាក់ចូលសន្សំនៅក្នុងសហគមន៍ផងដែរ ដើម្បីជួលគ្រូមកបង្រៀនភាសាអង់គ្លេស ដល់ពលរដ្ឋដែលជាអ្នកបររទេះគោ និងចំណាយផ្សេងៗទៀត។
លោកបានបន្តថា នៅថ្ងៃខាងមុខ មន្ទីរមានគំរោងរៀបចំជាសម្លៀកបំពាក់ខោចែវ អាវបំពង់តាមប្រពៃណីខ្មែរជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍នោះ ដើម្បីឲ្យភ្ញៀវទេសចរណ៍ បានស្គាល់ពីសំលៀកបំពាក់បុរាណខ្មែរ និងរៀបចំឲ្យប្រជាពលរដ្ឋតាំងវត្ថុអនុស្សាវរីយ៍ដែលជាស្នាដៃខ្មែរ លក់ជូនភ្ញៀវក្នុងតំលៃសមរម្យទៀតផង៕