Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខណ្ឌឫស្សីកែវ៖ តំបន់ជុំវិញផ្សារសាំហាន់ល្អឡើងវិញហើយ ដើម្បីផលប្រយោជន៍សាធារណៈសណ្ដាប់ធ្នាប់ និងរំដោះចរាចរណ៍

18-01-2020 11:32

(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា មុនអាជ្ញាធរឈានដល់ចាត់វិធានការក្ដៅ ដកហូតយកសម្ភារផ្សេងៗ មករក្សាទុកពីក្រុមអាជីវករ គឺអនុវត្តឡើងនៅក្រោយពីជូនដំណឹងច្រើន លើកច្រើនសារមកហើយ ក្នុងគោលបំណងការពារផលប្រយោជន៍សាធារណៈ ពិសេសរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ និងរំដោះចរាចរណ៍ ឲ្យបានល្អប្រសើរឡើងវិញ។

ការគូសបញ្ជាក់របស់លោក ជា ពិសី បានធ្វើឡើងនៅខណៈដែលលោក ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ សង្កាត់ ចុះរៀបចំសណ្ដាប់ធ្នាប់ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងរបៀបរៀបរយសង្គម «ក្នុងយុទ្ធនាការរំដោះចំណីចិញ្ចើមផ្លូវ» ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៥ និងផ្លូវលេខ៦៨R ជុំវិញបរិវេណផ្សារធំទួលសង្កែ (ផ្សារសាំហាន់) ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០។

លោក ជា ពិសី បញ្ជាក់ថា រយៈពេលជិតមួយសប្ដាហ៍ហើយ ដែលអាជ្ញាធរខណ្ឌ-សង្កាត់ អនុវត្តវិធានការក្ដៅ «ក្នុងយុទ្ធនាការរំដោះចិញ្ចើមផ្លូវ» ពីអ្នករំលោភយកធ្វើអាជីវកម្ម នៅតំបន់ជុំវិញ «ផ្សារសាំហាន់» ដើម្បីការពារផលប្រយោជន៍សាធារណៈ ពិសេសរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ និងចរាចរណ៍ឲ្យល្អប្រសើរឡើងវិញ ដែលជាផែនការរួមមួយដាក់ចេញដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន រូបនេះបញ្ជាក់ទៀតថា ដើម្បីទប់ស្កាត់មិនឲ្យបាត់បង់ចំណីចិញ្ចើមផ្លូវ ការបាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយសង្គម ឬបង្កគ្រោះថ្នាក់ចរាចរណ៍ជាដើម គឺត្រូវបានអនុវត្តឡើងជាប្រចាំ «ក្នុងយុទ្ធនាការរំដោះចំណីចិញ្ចើមផ្លូវ» ក្នុងគោលបំណងបញ្ជៀស រាល់ការរំលោភបំពាន ដោយប្រជាអាជីវករដាក់តាំងលក់ដូរទំនិញ ឬសម្ភារនានា ដើម្បីប្រកបរបរអាជីវកម្មរបស់ខ្លួន លយលើចិញ្ចើមផ្លូវ គឺមិនត្រូវបានអនុញ្ញាតឲ្យកើតមានឡើងឡើយ ក្រោយពីអាជ្ញាធរសង្កាត់-ខណ្ឌ ចេញសេចក្ដីជូនដំណឹង ច្រើនលើកច្រើនសារមកហើយ តែក្រុមអាជីវករមិនស្ដាប់ ហើយរឹងរូសដដែលជាដដែល នោះអាចប្រឈមលើការចាប់ដកហូតសម្ភារ មករក្សាទុក ដោយមិនទទួលខុសត្រូវចំពោះការបាត់បង់ ឬខូចខាតឡើយ៕