(ព្រះសីហនុ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយឧបនាយរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត បានអញ្ជើញពិនិត្យការ ដ្ឋានសាងសង់ផ្លូវមួយចំនួន ដែលអនុវត្តដោយកងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ក្រសួងការពារជាតិ ក្នុងចំណោមផ្លូវ ៣៤ខ្សែនៅក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០។
ការសាងសង់ផ្លូវចំនួន៣៤ខ្សែ ដែលមានប្រវែងជាង ៨០គីឡូម៉ែត្រ នៅក្នុងក្រុងព្រះសីហនុមកទល់នឹងពាក់កណ្តាលខែមករា ឆ្នាំ២០២០ សម្រេចលទ្ធផលបានប្រមាណជា ៣០ភាគរយ នៃគម្រោងហើយ បន្ទាប់ពីបើកការដ្ឋានជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ រួចមក។
ការដ្ឋានសាងសង់ផ្លូវទាំង ៣៤ខ្សែ ដែលបានអនុវត្តដោយក្រុមហ៊ុនឯកជន ចំនួន៦ និងកងវិស្វកម្មចំនួនពីរ គឺកងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន សៀមរាប និងកងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់នៃក្រសួងការពារជាតិគិតពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាថ្ងៃបើកការដ្ឋានជាផ្លូវការមកដល់ត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ គឺមានរយៈពេលពីរខែគត់។
គួររំលឹកដែរថា ផ្លូវចំនួន៣៤ខ្សែ មានប្រវែងសរុប ៨៤.៥០៥ម៉ែត្រ កំពុងត្រូវបានធ្វើការសាងសង់ដោយក្រុមហ៊ុនឯកជនចំនួន៦ និងអង្គភាពរបស់រដ្ឋចំនួនពីរ នៅក្រុងព្រះសីហនុនេះ ជាគម្រោងដែលបានលើកឡើង ដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដែលមានលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានតាំងពីឆ្នាំ២០១៨មក។ ផ្លូវទាំង ៣៤ខ្សែនេះចាក់ដោយបេតុងកម្រាស់ ០.២៥ម៉ែត្រ និងអ៊ុតបេទីមបន្ថែមពីលើកម្រាស់០.០៦ម៉ែត្រ៕