(ភ្នំពេញ)៖ សាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការត្រួតពិនិត្យខ្លឹមសារផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារ និងកុមារ បានថ្លែងជំរុញដល់គ្រូពេទ្យទូទាំងប្រទេស ត្រូវតែពន្យល់ណែនាំបន្ថែមទៀត ដល់មាតា អាណាព្យាបាលពីសារៈសំខាន់នៃការបំបៅទឹកកូនដោយទឹកដោះម្ដាយមួយគត់ ដល់កូនទើបសម្រាលរួមភ្លាមៗ។
លោកសាស្រ្ដាចារ្យបន្ដថា ផលប្រយោជន៍ និងឧត្តមភាពនៃការបំបៅកូនដោយទឹកដោះម្តាយ គឺសំខាន់ណាស់សម្រាប់ជីវិតទារកទើបប្រសូតរួមភ្លាមៗ ដូចខ្លឹមសារក្នុងអនុក្រឹត្យលេខ១៣៣ បានចែងថា «គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតបាន ៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើស»។
ការថ្លែងបែបនេះរដ្ឋលេខាធិការរូបនេះ ក្នុងឱកាសរៀបចំកិច្ចប្រជុំពីការពង្រឹងការអនុវត្ដតាមខ្លឹមសារអនុក្រឹត្យលេខ ១៣៣ អនក្រ.បក ស្តីពី ការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ ដែលធ្វើឡើងនៅទីស្ដីការក្រសួងសុខាភិបាលថ្មីៗនេះ ចូលរួមដោយម្ចាស់ និងតំណាងក្រុមហ៊ុនចែកចាយ លក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ (ផលិតផលទឹកដោះគោម្សៅ ដបបំបៅ ក្បាលដោះជ័រ ជាដើម) ចំនួន៣២ក្រុមហ៊ុន និងមន្រ្តីសុខាភិបាល សរុបចំនួន ៥៨នាក់ទៀត។
ក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យ ធា គ្រុយ ក៏បានបង្ហាញចំនុចសហការល្អរបស់ក្រុមហ៊ុនមួយចំនួន និងចំនុចខ្វះចន្លោះរបស់ក្រុមហ៊ុនមួយចំនួនតូច ដែលត្រូវបំពេញបន្ថែម។ ដោយចង់ឱ្យក្រុមហ៊ុននាំចូល និងចែកចាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារទាំងអស់ អនុវត្តការផ្សព្វផ្សាយលក់ផលិតផលក្រុមហ៊ុន ឱ្យបានល្អត្រឹមត្រូវ។
ជាពិសេស តាមខ្លឹមសារអនុក្រឹត្យលេខ១៣៣អនក្រ.បក ដែលតម្រូវឱ្យមានការត្រួតពិនិត្យ និងអនុញ្ញាតពីក្រសួងសុខាភិបាល មុននឹងធ្វើការផ្សព្វផ្សាយ។ ជាការកត់សំគាល់ ម្ចាស់ និងតំណាងក្រុមហ៊ុនចូលរួមទាំងអស់បានឯកភាព និងសហការល្អជាមួយក្រសួងសុខាភិបាល៕