(ភ្នំពេញ)៖ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ខូអិលធីឌី បានប្រកាសបើកសម្ពោធជាផ្លូវការនូវអគារទីស្នាក់កណ្តាល និងបន្ទប់តាំងបង្ហាញថ្មី (Showroom) របស់ខ្លូននៅកណ្តាលរាជធានីភ្នំពេញ។ តាមរយៈទីតាំងដ៏ប្រណិត និងថ្មីសន្លាង រួមជាមួយទំហំធំទូលាយ និងស្ថិតនៅចំកណ្តាលទីក្រុងនាពេលនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញពីវឌ្ឍនភាព នៃប្រតិបត្តិការដ៏រីកចម្រើនរបស់ក្រុមហ៊ុនមួយនេះ នៅក្នុងប្រទេសកម្ពុជា ក្រោមការគាំទ្រ និងជឿទុកចិត្តយ៉ាងខ្លាំងពីសំណាក់អតិថិជន។
ការិយាល័យថ្មីនេះ ត្រូវបានសម្ពោធឡើងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ដែលមានទីតាំងនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៉ី ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ការិយាល័យថ្មី ដែលមានកម្ពស់៥ជាន់នេះ នឹងក្លាយជាកន្លែងធ្វើប្រតិបត្តិការយ៉ាងសកម្ម និងល្អប្រសើរបំផុតរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ទាំងមូល។ មិនត្រឹមតែប៉ុណ្ណោះ ការិយាល័យថ្មីនេះ ក៏នឹងជួយឲ្យបុគ្គលិករបស់ក្រុមហ៊ុន អាចបម្រើនិងបំពេញតម្រូវការរបស់អតិថិជនដែលមានស្រាប់ និងអតិថិជនថ្មី បានកាន់តែល្អនិងពោរពេញដោយប្រសិទ្ធភាពខ្ពស់ ថែមមួយកម្រិតទៀត នៅក្នុងរយៈពេលដ៏ខ្លីនេះ ដែលមានមនុស្សម្នាជាច្រើន កំពុងធ្វើប្រតិបត្តិការយ៉ាងមមាញឹក នៅកណ្តាលរាជធានីភ្នំពេញ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានថ្លែងថា ការបើកការិយាល័យ និងអគារតាំងបង្ហាញថ្មីនេះ គឺជាការចាប់ផ្តើមនៃសករាជថ្មី ឬអាចនិយាយបានថា វាជាជំហានថ្មីមួយទៀត នៃការបម្រើសេវាកម្មរបស់ក្រុមហ៊ុនឲ្យកាន់តែបានល្អ និងរហ័សបំផុតក្នុងឆ្នាំថ្មីនេះ ហើយវាក៏បង្ហាញឲ្យឃើញ ពីការរីកចម្រើនឥតឈប់ឈរ នៃប្រតិបត្តិការក្នុងវិស័យយានយន្តរបស់ក្រុមហ៊ុន នៅកម្ពុជា និងនៅក្នុងតំបន់ផងដែរ។
អ្នកនាំពាក្យរូបនេះ បានបន្តទៀតថា «តាមរយៈការិយាល័យថ្មីរបស់យើង ដែលស្ថិតនៅចំទីតាំងយុទ្ធសាស្ត្រ ពោលគឺនៅកណ្តាលរាជធានីភ្នំពេញនេះ យើងនឹងមានលទ្ធភាពក្នុងការប្រាស្រ័យទាក់ទងជាមួយ អតិថិជនរបស់យើងបានកាន់តែជិតស្និទ្ធនិងងាយស្រួល ហើយក៏អាចផ្តល់ជូនអតិថិជននូវសេវាកម្ម និងការបំពេញតម្រូវការផ្សេងៗទៀត ប្រកបដោយទំនុកចិត្ត គុណភាពខ្ពស់ និងរហ័សទាន់ចិត្តផងដែរ។ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ប្តេជ្ញាយ៉ាងមុតមាំថា នឹងផ្តល់ជូនសេវាកម្មដ៏ល្អបំផុត ជាមួយនឹងផលិតផល ដែលមានគុណភាពខ្ពស់ និងសុវត្ថិភាពល្អបំផុតជូនអតិថិជនរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនក៏សង្ឃឹមដែរថា ទីស្នាក់ការកណ្តាលថ្មីនេះ នឹងជួយបង្កើនការលក់រថយន្ត និងជំរុញភាពរីកចម្រើនរបស់យើងផងដែរ»៕