(ភ្នំពេញ)៖ ខណៈដែលប្រជាពលរដ្ឋជាអ្នកប្រកបអាជីវកម្មទីផ្សារបណ្ដាញ ក៏ដូចជាអ្នកប្រកបអាជីវកម្មខ្នាត និងមធ្យម កំពុងស្វះស្វែងរកការសិក្សាបន្ថែមពីការប្រកបអាជីវកម្ម ចំណេះដឹងអំពីនីតិវិធីច្បាប់ បទដ្ឋានគតិយុត្តនានានោះ ស្រាប់តែមានអ្នកមួយចំនួនមកនិយាយបង្អាក់ឆន្ទៈស្មារតីរបស់ពលរដ្ឋ ក្នុងការសិក្សាបង្កើនចំណេះដឹងនេះទៅវិញ។
ពាក់ព័ន្ធនឹងគំនិតដ៏ស្មោកគ្រោកនេះ លោក ឡី សុភាព នាយកប្រតិបត្តិសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមទីផ្សារបណ្ដាញកម្ពុជា បានចេញមុខថ្កោលទោសក្ដែងៗ ដោយបានចាត់ទុកសកម្មភាព និងពាក្យសម្ដីបង្អាក់ការរៀនសូត្រនោះ ជាគំនិតដ៏អាក្រក់បំផុតសម្រាប់ជាតិសាសន៍មួយ ពីព្រោះក្រុមពួកនេះមិនចង់ឱ្យប្រជាពលរដ្ឋមានចំណេះដឹង ងាយស្រួលក្នុងការឱ្យក្រុមខ្លួនបោកប្រាស់ ដែលជាហេតុនាំទៅដល់ក្ដីវិនាសដល់ប្រទេសជាតិ បង្អាក់ដំណើរការអភិវឌ្ឍធនធានមនុស្ស ដែលជាវិស័យអាទិភាពមួយក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកបានកត់សម្គាល់ឃើញថា ក្រុមដែលព្យាយាមប្រព្រឹត្តទង្វើបែបនេះមានប្រភពចេញពីក្រុមប្រឆាំង ដែលមិនចង់ឱ្យក្នុងអាណត្តិដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន មានការរីកចម្រើន ពិសេសលើផ្នែកធនធានមនុស្សកំពុងប្រតិបត្តិការក្នុងវិស័យទីផ្សារបណ្ដាញ ដែលលោកនិងថ្នាក់ដឹកនាំដទៃទៀតកំពុងខិតខំប្រឹងប្រែងកៀរគរពួកគេមកបណ្ដុះបណ្ដាលចំណេះដឹងអំពីនីតិវិធីច្បាប់ ក្នុងការប្រកបអាជីវកម្មទីផ្សារបណ្ដាញឱ្យបានត្រឹមត្រូវតាមច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ចំណុចគួរឱ្យកត់សម្គាល់មួយទៀត ត្រង់ថា បានជាពួកគេមិនចង់ឱ្យប្រជាពលរដ្ឋអ្នកប្រកបអាជីវកម្មទីផ្សារបណ្ដាញមកទទួលការបណ្ដុះបណ្ដាលនោះ គឺពួកគេចង់ឱ្យពលរដ្ឋនៅតែល្ងង់ ដើម្បីងាយស្រួលឱ្យពួកគេបោកប្រាស់ ដូចជាតាមរយៈការលក់ផលិតផលក្លែងក្លាយ ផលិតផលគ្មានគុណភាព ឬផលិតផលដែលច្បាប់ហាមឃាត់ជាដើម។
លោក ឡី សុភាព បានបន្តថា ពួកគេធ្វើយ៉ាងដូច្នេះក៏ព្រោះតែពួកគេគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីសុខភាពប្រជាពលរដ្ឋអ្នកប្រើប្រាស់ មិនគិតពីវិប្បត្តិសង្គមដែលកើតចេញពីបញ្ហាសុភាពរបស់ពលរដ្ឋ ពិសេសអន្តរការីចែកចាយផលិតផលបន្ត ដែលជាអ្នកប្រកបអាជីវកម្មទីផ្សារបណ្ដាញនេះ ក៏ជាអ្នករងគ្រោះជំនួសគេ ឬក៏ជាអ្នកចូលរួមបំផ្លាញសង្គមខ្លួនឯងដោយមិនដឹងខ្លួនផងដែរ។
ហេតុដូច្នេះហើយ បានជាប្រធានសមាគមដែលខិតខំជួយប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃរូបនេះ ប្រកាសអំពាវនាវហើយអំពាវនាវទៀត សូមឱ្យប្រជាពលរដ្ឋអ្នកប្រកបអាជីវកម្មទីផ្សារបណ្ដាញ អ្នកប្រកបអាជីវកម្មខ្នាត និងមធ្យម នាំគ្នាមកទទួលការបណ្ដុះបណ្ដាលចំណេះដឹងនានា ពាក់ព័ន្ធនឹងការប្រកបអាជីវកម្ម នីតិវិធីច្បាប់ និងបទដ្ឋានគតិយុត្ត ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលជាដើម។
គេសង្កេតឃើញថា មកដល់ពេលនេះមានប្រជាពលរដ្ឋច្រើនណាស់ ដែលបានមកទទួលការបណ្ដុះបណ្ដាលចំណេះដឹងទាំងនេះជាមួយសមាគមទីផ្សារបណ្ដាញកម្ពុជា ខណៈការបណ្ដុះបណ្ដាលនេះក៏ទទួលបានការគាំទ្រពីក្រសួង-ស្ថាប័នមានសមត្ថកិច្ច ដៃគូវិស័យឯកជន ពិសេសតែងតែទទួលបានការចូលរួមធ្វើបទបង្ហាញពីលោកឧត្តមសេនីយ៍ឯក ជា ប៊ុនថុល អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការនគរបាលជាតិផងដែរ៕