(ភ្នំពេញ)៖ យោងតាមសេចក្ដីប្រកាសព័ត៌មានចេញផ្សាយ ដោយធនាគារជាតិនៃកម្ពុជា (NBC) ក្នុងកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ បានបង្ហាញឲ្យតម្រូវការនៃការប្រើប្រាស់ប្រាក់រៀល បានកើនឡើងជាលំដាប់ ក្នុងឆ្នាំ២០១៩។
ធនាគារជាតិនៃកម្ពុជាបញ្ជាក់ថា «ការកើនឡើងជាលំដាប់នៃប្រាក់រៀលនេះ បានឆ្លុះបញ្ចាំងតាមរយៈ កំណើនប្រាក់រៀល ក្នុងចរាចរណ៍មាន៣៣% និងកំណើនប្រាក់បញ្ញើជារៀលមាន៣៧%។ កំណើននេះបានបន្ទាបកម្រិតដុល្លារូបនីយកម្មបន្តិច (វាស់ដោយអនុបាតប្រាក់បញ្ញើ ជារូបិយប័ណ្ណធៀបនឹងរូបិយវត្ថុទូទៅ) មកត្រឹម៨២.៩% ធៀបនឹង៨៤.៨%នៅឆ្នាំមុន»។
លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ដើម្បីលើកស្ទួយការប្រើប្រាស់ប្រាក់រៀល ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវវិធានការជាច្រើន ដែលបានផ្ដល់ផលវិជ្ជមាន ដល់ការប្រើប្រាស់ប្រាក់រៀល ក្នុងវិស័យសេដ្ឋកិច្ច។
លោក ជា ចាន់តូ បានបញ្ជាក់ថា «ដោយឃើញពីភាពវិជ្ជមាន ក្នុងការប្រើប្រាស់ប្រាក់រៀលនេះ ខ្ញុំសូមស្នើអគ្គនាយកដ្ឋានទាំងអស់ បន្ដវិធានការលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀលជាប្រចាំ ដែលពង្រឹងអភិវឌ្ឍន៍វិធានការដែលមានស្រាប់ និងដាក់ចេញនូវវិធានការថ្មីៗ ដោយផ្អែកលើសកម្មភាពជាក់ស្ដែង និងសន្សឹមៗទៅតាមការរីកចម្រើននៃវិស័យសេដ្ឋកិច្ច»។
លោកបានបន្ថែមថា វិស័យធនាគារបានបន្ដភាពរីកចម្រើន និងទទួលបានទំនុកចិត្ត ពីសាធារណជន និងវិនិយោគិន ដែលឆ្លុះបញ្ចាំងតាមរយៈ កំណើនដ៏អស្ចារ្យនៃចំនួនអតិថិជន។
សូមជម្រាបថា វិស័យធនាគារបានបន្តរីកចម្រើន យ៉ាងឆាប់រហ័សដែលរួមចំណែក យ៉ាងសកម្មគាំទ្រ ការរីកចម្រើននៃសេដ្ឋកិច្ច។ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានកើនឡើង២៤.៥% ហើយឥណទានបានកើន២៦%។
បណ្តាញប្រតិបត្តិការ និងពិពិធកម្មសេវាហិរញ្ញវត្ថុ របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុត្រូវបានបន្តពង្រឹង និងបានជួយជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា បច្ចុប្បន្នចំនួនគណនីប្រាក់បញ្ញើកើន ដល់ប្រមាណ៧.៥លានគណនី និងគណនីឥណទានកើនដល់៣.១លានគណនី។
ប្រព័ន្ធទូទាត់ត្រូវបានធ្វើទំនើបកម្ម ស្របតាមការរីកចម្រើនបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីបង្កើនប្រសិទ្ធភាពនៃការទូទាត់ ប្រកបដោយឆាប់រហ័ស សុវត្ថិភាព និងងាយស្រួល។ បច្ចុប្បន្នប្រជាជនប្រមាណ៥លាននាក់ កំពុងប្រើប្រាស់សេវាទូទាត់សងប្រាក់ តាមអេឡិចត្រូនិក៕