(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការតាមបង្ក្រាបក្រុមចោរកាប់ប្លន់ ២ករណីផ្សេងគ្នា ដោយធ្វើការចាប់ខ្លួនក្រុមចោរទាំងនោះ បានចំនួន៣នាក់ និងដកហូតម៉ូតូប្រគល់ឲ្យជនរងគ្រោះវិញផងដែរ។
លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះថា ករណីទី១៖ បានកើតឡើងនៅយប់ឈានចូលថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ដោយជនសង្ស័យកាប់ភ្លន់យកម៉ូតូ បានមួយគ្រឿង Honda Dream ឆ្នាំ២០២០ បានសម្រេច ហើយត្រូវកម្លាំងរបស់លោកចាប់ខ្លួនជនសង្ស័យបានចំនួន២នាក់។
ករណីទី២៖ ចោរមួយក្រុមទៀតបានធ្វើសកម្មភាពកាប់ប្លន់ យកម៉ូតូសម្រេច០១គ្រឿង Honda Dream ឆ្នាំ២០២០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IB-7679 នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវចាប់ខ្លួនម្នាក់ទៀតឈ្មោះ លី ស៊ីមិន អាយុ១៨ឆ្នាំ មុខរបរលាងម៉ូតូ មានទីលំនៅផ្ទះជួល ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ដោយឡែក ជនរងគ្រោះឈ្មោះ គា សុភារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ មានទីលំនៅបន្ទប់ជួល ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាម្ចាស់ម៉ូតូ Honda Dream ឆ្នាំ២០២០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1IB-7679 ហើយត្រូវនគរបាលប្រគល់ម៉ូតូជូនវិញផងដែរ។
ទន្ទឹមនឹងនេះជនរងគ្រោះទាំងពីរនាក់ប្រពន្ធ បានសម្តែងនូវក្ដីរំភើបរីករាយ និងថ្លែងអំណរគុណដល់កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដែលបានធ្វើការបង្ក្រាបក្រុមចោរប្លន់ទាំងនោះ ព្រមទាំងយកម៉ូតូជូនគាត់វិញផងដែរ។
បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្ដោះអាសន្ន នៅផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង បញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់។ ចំណែកបក្ខពួកដែលនៅសល់ កម្លាំងជំនាញកំពុងស្រាវជាវតាមចាប់បន្ត៕