(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ បានចេញមកបញ្ជាក់ថា រហូតមកទល់ពេលនេះ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា មិនទាន់ឈានដល់កម្រិតប៉ះពាល់ដល់សុខភាពគួរឱ្យព្រួយបារម្ភនៅឡើយទេ បើទោះជាលទ្ធផលនៃការអង្កេត តាមដានគុណភាពខ្យល់បង្ហាញថា កំហាប់ភាគល្អិតនិចល PM 2.5 មានការប្រែប្រួលកើនឡើង។
លោកបញ្ជាក់ថា មន្ត្រីក្រសួងបរិស្ថាន បាននិងកំពុងតាមដានយ៉ាងយកចិត្ត លើការបម្រែបម្រួលនៃស្ថានភាពកំហាប់ប៉ារ៉ាម៉ែត្រភាគល្អិតនិចល PM10 និង PM2.5 នៅក្នុងខ្យល់ នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា នៅទូទាំងប្រទេសកម្ពុជា។
លោករដ្ឋលេខាធិការបានបន្ថែមថា យោងតាមលទ្ធផលនៃការអង្កេត តាមដានគុណភាពខ្យល់ពីស្ថានីយ ត្រួតពិនិត្យគុណភាពខ្យល់ ដែលក្រសួងបរិស្ថានបានដំឡើង នៅរាជធានី ខេត្តទូទាំងប្រទេស បានបង្ហាញថា ស្ថានភាពភាពគុណភាពខ្យល់ មានការធ្លាក់ចុះជាពិសេស កំហាប់ប៉ារ៉ាម៉ែត្រភាគល្អិតនិចល PM 10 និង PM 2.5 មានការកើនឡើង លើសកំណត់ស្តង់ដាដែលជាហានិ ភ័យបង្កការប៉ះពាល់ចំពោះ សុខភាពសាធារណៈ ហើយចាំបាច់ត្រូវចាត់វិធានការ ដើម្បីទប់ស្កាត់ ការបំពុលខ្យល់នេះ។
ដើម្បីការពារសុខភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានផ្តល់អនុសាសន៍ដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ ឬជាអ្នកដែលធ្វើការនៅខាងក្រៅអគាររយៈពេលយូរ គួរតែពាក់ម៉ាស់ការពារ។
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងថាក្រសួងបរិស្ថាននឹងធ្វើការជូន ដំណឹងជាបន្តបន្ទាប់នូវការវិវឌ្ឍថ្មីៗ ទាក់ទងនឹងស្ថានភាពគុណភាពខ្យល់នេះ ដើម្បីបងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការអនុវត្តវិធានការ ការពារឱ្យបានទាន់ពេលវេលា។
លោកបានបន្តឱ្យដឹងថា ក្រសួងបរិស្ថានបានបង្កើតស្ថានីយ តាមដានគុណភាពខ្យល់ច្រើនកន្លែង ក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា របស់ប្រទេសកម្ពុជា ដែលម៉ាស៊ីនតាមដាននេះ មានជាបច្ចេកវិទ្យាទំនើប និងមានគុណភាពប្រសិទ្ធភាព ក្នុងការផ្តល់ទិន្នន័យច្បាស់លាស់ ពីគុណភាពខ្យល់។
លោក នេត្រ ភក្ត្រា បានថ្លែងឱ្យដឹងថា កំហាប់ភាគល្អិតនិចល PM2.5 នៅក្នុងរាជធានីភ្នំពេញ រហូតមកដល់ល្ងាចថ្ងៃទី១៧ ខែមករានេះ មានការប្រែប្រួលចន្លោះពី៤៩ ដល់៨០ និងនៅខេត្តខ្លះប្រែប្រួល នៅកម្រិតក្រោម១០០ ខណៈស្តង់ដារនៃគុណភាពខ្យល់ដែលមានកំណត់ត្រឹម៥០។
លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ការផ្សព្វផ្សាយព័ត៌មានទាំងឡាយ ទាក់ទងនឹងស្ថានភាពគុណភាពខ្យល់របស់ប្រទេសកម្ពុជា ដែលមិនចេញពីប្រភពក្រសួងបរិស្ថាន ជាព័ត៌មានមិនផ្លូវការទេ។
លោក នេត្រ ភក្ត្រា បានថ្លែងថា ការកើនឡើងកំហាប់ភាគល្អិតនិចល PM2.5 ក្នុងខ្យល់នេះមិនមែនមាននៅតែ ព្រះរាជាណាចក្រកម្ពុជាទេ ប៉ុន្តែនិន្នាការនៃកំណើននេះ មាននៅក្នុងបណ្តាប្រទេសផ្សេងទៀត នៅក្នុងតំបន់ដោយសារតែអាកាសធាតុនៃអនុតំបន់ទន្លេមេគង្គ មានភាពស្ងួតហួតហែង។
រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បានឱ្យដឹងថា ប្រភព និងសកម្មភាពសំខាន់ៗដែលជា ហេតុបង្កឱ្យមានកំហាប់ភាគល្អិតនិចល PM2.5 មានការកើនឡើងនេះ មានជាអាទិ៍ការបញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្ម ពីយានយន្តប្រើប្រាស់ប្រេងម៉ាស៊ូត និងពីចំហេះឥន្ធនៈផ្សេងទៀត ភ្លើងឆេះព្រៃ ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំរាម ការដុតសំណល់រឹងនៅតាមទីចំហ និងទីលានចាក់សំណល់ ការដ្ឋានសំណង់ជាដើម។
តាមមន្ត្រីបច្ចេកទេសក្រសួងបរិស្ថាន ដែលបានធ្វើការតាមដានគុណភាពខ្យល់ ប្រភពបំពុលសំខាន់ៗដែលនាំឱ្យមានការកើនឡើងយ៉ាងខ្លាំង នូវកំហាប់ភាគល្អិតនិចលក្នុងខ្យល់ PM2.5 នាដើមរដូវប្រាំងឆ្នាំនេះក្នុងរាជធានីភ្នំពេញ គឺបណ្តាលមកពីប្រភពបំពុលសំខាន់៖ ៧០% មកពីការបញ្ចេញពីយានយន្តប្រើប្រាស់ប្រេងឥន្ធនៈ ដែលមានកំហាប់ស្ពាន់ធ័រខ្ពស់២០% ពីធូលីចេញពីការដ្ឋានសំណង់ និងរោងចក្រលាយបេតុង១០% មកពីប្រភពផ្សេងៗរួមមាន៖ ការដុតសំរាមនៅតាមលំនៅដ្ឋាន ធូលីដីនៅតាមដងផ្លូវ ការបញ្ចេញពីរោងចក្រ និងសិប្បកម្មជាដើម។
ដោយពិនិត្យឃើញនូវបញ្ហាបែបនេះ និងដើម្បីកែលម្អគុណភាពខ្យល់នៅតាមរាជធានី ខេត្តនៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹងដល់ មន្ទីរបរិស្ថានរាជធានីខេត្ត ត្រូវសហការជាមួយរដ្ឋបាលថ្នាក់ក្រោម ជាតិអនុវត្តវិធានការ មួយចំនួន រួមមាន៖
១៖ ត្រូវចាត់វិធានការទប់ស្កាត់ភ្លើងឆេះព្រៃ និងការដុតសំរាមសំណល់រឹងនៅតាមទីចំហ ការឆេះនៅតាមទីលានចាក់សំរាម។
២៖ ត្រូវចាត់វិធានការទប់ស្កាត់ការហុយ ធូលីពីការដ្ឋានសំណង់ និងការដ្ឋានកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងធូលីហុយនៅតាមដងផ្លូវ។
៣៖ សម្អាតអនាម័យ នៅតាមដងផ្លូវ និងទីសាធារណៈ។
៤៖ ចុះអប់រំប្រជាពលរដ្ឋកុំឱ្យដុតសំរាម សំណល់រឹងការដុតស្មៅ គល់ជញ្ជ្រាំង និងសំណល់កសិកម្មផ្សេងៗទៀត៕