(បាត់ដំបង)៖ លោក ងួន រតន: អភិបាលខេត្តបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅក្នុងបុរីយិនម៉ាន់យីអា ស្រុកបវេល ខេត្តបាត់ដំបង ឱ្យរួមគ្នាថែរក្សាអនាម័យ ដើម្បីសុខភាព និងបរិស្ថានល្អ។
ការអំពាវនាវរបស់លោកអភិបាលខេត្ត បានធ្វើឡើងខណៈដែលលោកអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធសំណង់ផ្ទះល្វែងបុរីយិនម៉ាន់យីអា ស្រុកបវេលខេត្តបាត់ដំបង នារសៀលថ្ងៃទី១៧ ខែមករាឆ្នាំ២០២០។
លោកអភិបាលខេត្តបានអបអរសាទរ និងគាំទ្រដល់ម្ចាស់បុរីយិនម៉ាន់ យីអា ស្រុកបវេល ដែលជាកូនខ្មែរក្នុងស្រុក បានវិនិយោគក្នុងវិស័យអចនទ្រព្យ គឺបានចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ ពិសេសនៅក្នុងស្រុកបវេលខេត្តបាត់ដំបងតែម្តង។
លោក អភិបាលបានបញ្ជាក់ថា ដោយសារមានសន្តិភាពពេញលេញនេះហើយ ទើបមានការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសវិស័យសំណង់មានការលូតលាស់យ៉ាងខ្លាំងក្នុងចំណោមវិស័យផ្សេងៗទៀត «អរគុណសន្តិភាព» យើងទាំងអស់គ្នាត្រូវនាំគ្នាថែរក្សាសន្តិភាពឲ្យបានគង់វង្សយូរអង្វែង ដល់កូនចៅជំនាន់ក្រោយតទៅ។
លោក យិន ម៉ាន់ ម្ចាស់បុរីយិនម៉ាន់ យីអា ស្រុកបវេល បានថ្លែងថា ស្រុកបវេលជាស្រុក ជង្រុកស្រូវមួយរបស់ខេត្តបាត់ដំបង និងទីប្រជុំជនប្រមូលផ្តុំពីគ្រប់ទិសស្ថិតចំកណ្តាលទីប្រជុំជនស្រុកបវេលជាប់នឹងផ្លូវជាតិ៥៧B និង មានផ្លូវរដ្ឋទទឹង ២០មព័ទ្ធជុំវិញមានការគាំទ្រ និង ជំរុញការអភិវឌ្ឍន៍តំបន់នេះពីរដ្ឋបាលខេត្ត។
លោកបានបន្តថា លោកជាម្ចាស់បុរី មានស្រុកកំណើត នៅបវេល និង កំពុងរស់នៅស្រុកបវេល ហើយមានលទ្ធភាពធនធានគ្រប់គ្រាន់សម្រាប់ការវិនិយោគលើបុរីនេះ ដែលប្រជាពលរដ្ឋមានទំនុកចិត្តជាបុរីមានច្បាប់គ្រប់គ្រាន់ ស្របច្បាប់។
លោកបានបន្តថា៖ អ្នកទិញផ្ទះល្វែង នឹងទទួលបានប័ណ្ណកម្មសិទ្ធស្របច្បាប់(ប្លង់រឹង)ដោយក្រុមហ៊ុនទទួលខុសត្រូវទាំងស្រុង លើតម្លៃសេវា។ ប្លង់មេ និងប្លង់បច្ចេកទេសសំណង់ បានត្រួតពិនិត្យកែលម្អ ដោយមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ខេត្ត៕