(កណ្តាល)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ បាននាំយកសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជួយដល់ប្រជាពលរដ្ឋ ២គ្រួសារ នៅភូមិពាម ឃុំរកាកោង១ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលរងគ្រោះដោយសាភ្លើងឆេះផ្ទះ នាពេលកន្លងទៅ។
សកម្មភាពមនុស្សធម៌នេះ ដឹកនាំដោយ លោក គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល រួមដំណើរដោយ អនុសាខាកាកបាទក្រហមកម្ពុជាស្រុក អាជ្ញាធរមូលដ្ឋាន និងយុវជនជាច្រើននាក់ផ្សេងទៀត ។
លោក គង់ សោភ័ណ្ឌ បានសម្តែងនូវការអាណិតអាសូរជាពន់ពេក ចំពោះគ្រួសាររងគ្រោះទាំង ២គ្រួសារ ដែលបានជួបនូវឧបទ្ទវហេតុគ្រោះអគ្គីភ័យឆេះផ្ទះ ដែលគ្មានអ្នកណាម្នាក់ចង់ឱ្យកើតមានឡើងឡើយ។
ឆ្លៀតឱកាសនោះ លោកបាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសាររងគ្រោះផងដែរ។
លោកបានបន្តថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន តែងគិតគូរជាប់ជានិច្ច អំពីសុខទុក្ខប្រជាពលរដ្ឋទូទៅ ពិសេសដល់ជនងាយរងគ្រោះដោយគ្រោះមហន្តរាយ និងជនរង គ្រោះដោយឧបទ្ទវហេតុផ្សេងៗជាដើម ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការ នយោបាយអ្វីឡើយ។
លោកបានលើកទឹកចិត្តដល់គ្រួសាររងគ្រោះទាំង២ ដែលត្រូវបានភ្លើងឆេះផ្ទះ មិនត្រូវបាក់ទឹកចិត្ត និងអស់សង្ឃឹមឡើយ ត្រូវបន្តខិតខំរកស៊ីចិញ្ចឹមជីវិត គ្រួសារយើងបន្តទៀត។
គួរជម្រាបថា អំណោយមនុស្សធម៌ ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានចែកជូនជនរងគ្រោះក្នុង ១គ្រួសារ ទទួលបាន អង្ករ៣៣០គីឡូក្រាម មី១កេស ទឹកសុទ្ធ១កេស ទឹកត្រី១យួរ ត្រីខកំប៉ុង១យួរ កៅស៊ូតង់១ផ្ទាំង សម្ភារៈផ្ទះបាយ១ឈុត និងថវិកា៧០សិបម៉ឺនរៀល។
សូមរម្លឹកថា កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ មានករណីភ្លើងឆេះផ្ទះមួយ កើតឡើងនៅភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល បណ្ដាលឱ្យឆេះផ្ទះអស់ ចំនួន ០២ខ្នង។ ផ្ទះធ្វើអំពីឈើប្រកសង្គ័កសី ជញ្ចាំងស្លឹក ដែលមានទំហំទទឹង៥ម X បណ្ដោយ៦ម និងផ្ទះធ្វើអំពីឈើប្រកក្បឿង ជញ្ចាំងក្ដា មានទំហំទទឹង៦ម X បណ្ដោយ៨ម៕