(ភ្នំពេញ)៖ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នឹងរៀបចំធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារសុខាភ្នំពេញ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សន្និបាតប្រចាំឆ្នាំនេះ នឹងរៀបចំឡើង ក្រោមអធិបតីភាព លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ។
សេចក្តីប្រកាសបានបញ្ជាក់ថា សន្និបាតនេះផ្តោតលើការត្រួតពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារ ដែលក្រសួងបានសម្រេចក្នុងឆ្នាំ២០១៩ និងដាក់ចេញនូវវិធានការទិសដៅថ្មីៗសម្រាប់អនុវត្តបន្ត ក្នុងឆ្នាំ២០២០ ដើម្បីបំពេញការងារជូនរាជរដ្ឋាភិបាល និងបម្រើប្រជាជន លើវិស័យការងារទំនាក់ទំនង សម្របសម្រួលជាមួយរដ្ឋសភា-ព្រឹទ្ធសភា ការងារផ្សព្វផ្សាយច្បាប់ ការងារអធិការកិច្ច ការទទួល និងដោះស្រាយបណ្តឹងនានា សំដៅរួមចំណែកពង្រឹងអភិបាលកិច្ចល្អ ដែលជាឧត្តមប្រយោជន៍របស់សង្គមជាតិទាំងមូល។
តាមរយៈនៃសន្និបាត នឹងទទួលបាននូវការពិភាក្សាស្វែងរកធាតុចូលបន្ថែមលើប្រធានបទ ចំនួន៤ រួមមាន ៖
១៖ ការពង្រឹងប្រសិទ្ធិភាព កិច្ចការទំនាក់ទំងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងផ្សព្វផ្សាយច្បាប់
២៖ ការពង្រឹងប្រសិទ្ធភាព កិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ
៣៖ ការពង្រឹងប្រសិទ្ធិភាព កិច្ចការអធិការកិច្ច និងទទួលពាក្យបណ្តឹង ដោះស្រាយពាក្យបណ្តឹង
៤៖ ការអភិវឌ្ឍធនធានមនុស្ស តាមរយៈ វិទ្យាស្ថានជាតិអធិការកិច្ចលទ្ធផល សកម្មភាពការងារក្នុងឆ្នាំ២០១៩ គឺពិតជាបានឆ្លុះបញ្ចាំងពីការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ក៏ដូចជាការបន្តអនុវត្តទៅមុខទៀត។
ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្តេជ្ញាចិត្តចូលរួមចំណែកបន្តអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដោយមានកំណត់នូវអាទិភាព សូចនាករ និងក្របខ័ណ្ឌ ពេលវេលាច្បាស់លាស់សម្រាប់អនុវត្ត និងយន្តការសម្រាប់តាមដានត្រួតពិនិត្យ និងវាយតម្លៃ ផ្អែកលើកលទ្ធផលការងារព្រមទាំង មានកំណត់ការទទួលខុសត្រូវរបស់ក្រសួង-ស្ថាប័ន ទៅតាមមុំ ឬវិស័យនីមួយៗឲ្យទទួលបានជោគជ័យទៅតាមផែនការ។
សមិទ្ធផលឆ្នាំ២០១៩ កន្លងទៅ គឺជាលទ្ធផលដែលបានកើតចេញពីការចូលរួមរបស់មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ និងកិច្ចសហការពីបណ្តាស្ថាប័នពាក់ព័ន្ធនានា ដែលសុទ្ធតែជាតួអង្គសំខាន់ៗមិនអាចខ្វះបាន។ វឌ្ឍនភាពនៃការងារគ្រប់ផ្នែករបស់ក្រសួង ពិតជាបានរួមចំណែកដ៏សំខាន់ ក្នុងការពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្រ្តចតុកោណ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ក្រោមការងារដឹកនាំប្រកបដោយបញ្ញាញាណដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕