(បាត់ដំបង)៖ កម្លាំងនគរបាលបានបើកប្រតិបត្តិការបង្ក្រាបបទល្មើស ដឹកជញ្ជូនរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន២ករណី នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ដកហូតបានថ្នាំញៀនជាង៥គីឡូក្រាម និងចាប់ខ្លួនមនុស្ស២នាក់។
មន្ដ្រីជាន់ខ្ពស់នៃមន្ទីរប្រឆាំងគ្រឿងញៀន បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង។
ករណីទី១៖ បង្ក្រាបជនសង្ស័យទាំង៣នាក់នោះរួមមាន៖ ទី១៖ ឈ្មោះ អ៊ាន ហាក់ឡេង អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ (អ្នកដឹកជញ្ជូន), ទី២៖ឈ្មោះ នឿន វណ្ណៈ អាយុ១៩ឆ្នាំ មុខរបរកម្មករ (អ្នកដឹកជញ្ជូន) និងទី៣៖ ឈ្មោះ ហៀង ស៊ីវន អាយុ៣១ឆ្នាំ មុខរបរកាប់ជ្រូក (អ្នកដឹកជញ្ជូន)។
ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចដកហូតបាន មេតំហ្វេតាមីន (ICE) ទម្ងន់ ៤.៩គីឡូក្រាម, កេតាមីន (KETAMIN) ទម្ងន់ ០.៥៧ក្រាម, អ៊ិចស្ដាស៊ី (MDMA) ទម្ងន់ ០.១២ក្រាម, ទូរស័ព្ទដៃ ០១គ្រឿង និងម៉ូតូ០១គ្រឿង។
ករណីទី២៖ ឃាត់ខ្លួនជនសង្ស័យបានចំនួនម្នាក់ ឈ្មោះ ហោ ឧត្ដម ជនជាតិខ្មែរ អាយុ៤៦ឆ្នាំមុខរបរ រត់ឡានតាក់ស៊ី។ ការបង្ក្រាបនោះសមត្ថកិច្ចដកហូតវត្ថុតាង មេតំហ្វេតាមីន (ICE) ទម្ងន់៥៥៣.៧៨ក្រាម, រថយន្ត១គ្រឿង, ជញ្ជីងថ្លឹង០២គ្រឿង, ថវិការ៣,០០០,០០០រៀល និងសម្ភារវេចខ្ចប់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី៕