(កំពង់ឆ្នាំង)៖ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានថ្លែងថា តាមទិសដៅ ក្រសួងនៅក្នុងឆ្នាំ២០២០នេះ មន្ទីរសាធារណការ នឹងត្រូវកសាងធនធាន មនុស្សឲ្យបានល្អរួមទាំងការពង្រឹងវិស្វករ និងការងារបច្ចេកទេសឲ្យបានត្រឹមត្រូវ ដើម្បីសម្រេចការងារបានដោយជោគជ័យ ក្នុងការងារប្រឡងប្រជែងជាមួយវិស្វករប្រទេសជិតខាង ព្រោះថានៅថ្ងៃខាងមុខនេះកម្ពុជា នឹងធ្វើសមាហរណកម្មអាស៊ាន ជាមួយសមាគមអាស៊ានហើយ។

លោក ឆាយ លាភា បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំសន្និបាតបូកសរុបការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ ដែលមានមន្ត្រីរាជការក្នុងមន្ទីរ និងចំណុះមន្ទីរចូលរួមយ៉ាងច្រើនកុះករផងដែរ។

នៅក្នុងកិច្ចប្រជុំនេះលោកអនុប្រធានមន្ទីរ ក៏បានឡើងអានរបាយការណ៍បូកសរុបការងារក្នុងឆ្នាំ២០១៩ និងលើកទិសដៅការងាររបស់មន្ទីរ នៅក្នុនៅក្នុងឆ្នាំដាក់ជូនអង្គសន្និបាតស្ដាប់ ដើម្បីអនុវត្តការងារតាមជំនាញឲ្យមានប្រសិទ្ធភាព។

ដោយឡែកលោកប្រធានការិយាល័យជំនាញចំណុះមន្ទីរ និងប្រធានការិយាល័យតាមក្រុង-ស្រុក ពាក់ព័ន្ធក៏បានឡើងធ្វើបទអន្តរាគមន៍ទាក់ទងនឹងកិច្ចការងារ ដែលធ្វើបាននិងការប្រឈមនានា ដែលត្រូវលើកយកមកដោះ ស្រាយនៅក្នុងអង្គសន្និបាតនេះផងដែរ។

ជុំវិញនិងការប្រឈមនានា លោកប្រធានមន្ទីរសាធារណការខេត្ត បានលើកឡើងថា នៅតាមបណ្ដាស្រុកក៏ដូចជា នៅការិយាល័យតាមជំនាញ ត្រូវតែយកច្បាប់បញ្ញត្តិរបស់ជាតិក៏ដូចជា អនុក្រឹត្យ និងប្រកាសនានារបស់ក្រសួង យកមកដោះស្រាយឲ្យបានសមស្របទៅតាមសភាពការណ៍ជាក់ស្ដែងដោយមិនត្រូវទុកបញ្ហាប្រឈមនោះឲ្យកើតមានជាទំនាស់ធំដុំឡើយ។

នៅក្នុងកិច្ចប្រជុំនេះដែរ លោកប្រធានមន្ទីរសំណូមពរដល់មន្ត្រីរាជការទាំងអស់ សូមគោរពវិន័យការងារ និងគោរពឋានានុក្រមការងារឲ្យបានល្អ ដោយត្រូវមានអត្តចរិកសុភាពរាបសារសំដី ទន់ភ្លន់តែម៉ឺងម៉ាត់ ចំពោះការងារ ដោយរួមគ្នាអនុវត្តនូវបទពិសោធន៍ល្អៗរបស់ថ្នាក់ដឹកនាំចាស់ៗ និងមន្ត្រីជំនាញ ដើម្បីឲ្យការងារចំពោះមុខទទួលបានជោគជ័យ។

លោកប្រធានមន្ទីរក៏បានលើកឡើងនូវអនុសាសន៍របស់ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានលើកឡើងថា សំដីឥតប្រយោជន៍នាំមកនូវគ្រោះថ្នាក់ដល់ជាតិ ការងារមានប្រសិទ្ធភាពនាំឲ្យជាតិរុងរឿង។ ដូចច្នេះ អនុសាសន៍របស់រដ្ឋមន្ត្រីខាងលើនេះ យើងទាំងអស់គ្នាជាមន្ត្រីក្រោមឱវាទ ត្រូវតែយកចិត្តទុកដាក់អនុវត្តឲ្យបានល្អប្រសើរ ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យបានរុងរឿង៕