(ភ្នំពេញ)៖ សហភាពសហជីពចំនួន៣ ក្នុងចំណោម៤ បានរួមគ្នាចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នាបង្កើត «សម្ព័ន្ធភាពសហភាពសហជីព ដែលហៅកាត់ថាYYKC» ដ៏ធំមួយ ក្នុងគោលបំណងបង្កើតទំនាក់ទំនងចំណងសាមគ្គីភាពកិច្ចសហប្រតិបត្តិការក្នុងនាមអង្គការវិជ្ជាជីវៈការពារផលប្រយោជន៍កម្មករនិយោជិតដូចគ្នា តាមបណ្ដារោងចក្រសហគ្រាសនៅទូទាំងប្រទេស។
ពិធីចុះហត្ថលេខាបានប្រារព្ធធ្វើឡើងកាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅភោជនីយដ្ឋានពោធិ៍ចិនតុង នៅរាជធានីភ្នំពេញ ដោយមានលោក មុំ សៀក ប្រធានសហភាពសហជីពស្មារតី យុវជនដើម្បីការងារកម្ពុជា, លោក ឡុង សុផាត ប្រធានសហភាពសហជីពយុវជនការពារសិទ្ធិកម្មករកម្ពុជា និងលោក សុខ រ៉ាវុធ ប្រធាន សហភាពសហជីជាតិខ្មែរ។ ចំណែកលោក ឌិន សំអាត ប្រធានសហភាពសហជីពអភិវឌ្ឍការងារអវត្តមាន ប៉ុន្តែលោកនឹងចុះហត្ថលេខានៅពេលក្រោយ។
លោក ឡុង សុផាត បានបញ្ជាក់ថា ការបង្កើតសម្ព័ន្ធភាពសហភាពសហជីពដែលហៅកាត់ថា YYKC ក្នុងគោលបំណង បង្កើតទំនាក់ទំនងចំណងសាមគ្គីភាពកិច្ច សហប្រតិបត្តិការក្នុងនាម អង្គការវិជ្ជាជីវៈការពារផលប្រយោជន៍កម្មករនិយោជិតដូចគ្នា ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីការពារសិទ្ធិផលប្រយោជន៍ សហភាពសហជីព ក្នុងសម្ព័ន្ធភាពសហព័ន្ធសហជីព និងសហជីពមូលដ្ឋានព្រមទាំងសមាជិកសមាជិកាតាមបណ្ដារោងចក្រសហគ្រាស។
លោក មុំ សៀក បានស្នើសុំឱ្យថ្នាក់ដឹកនាំសហភាពសហព័ន្ធ និងសមាជិកសមាជិកាទាំងអស់ ត្រូវរួបរួមសាមគ្គីភាពផ្ទៃក្នុងជាធ្លុងមួយនិង ចូលរួមយ៉ាងសកម្មក្នុងការតស៊ូមតិ ដើម្បីថែរក្សាផលប្រយោជន៍កម្មករ និយោជិតកាន់តែខ្លាំងក្លាថែមទៀត។
ចំណែកលោក សុខ រ៉ាវុធ ក៏បានលើកឡើងថា ការរួបរួមកម្លាំងមកពីសហភាពទាំងនេះ នឹងធ្វើឱ្យសម្ព័ន្ធភាពសហភាពសហជីពដែលហៅកាត់ថា YYKC កាន់តែខ្លាំង មានលទ្ធភាពជួយដល់បងប្អូនកម្មករ-កម្មការិនី។ ការរួបរួមកម្លាំងនៅពេលនេះ មិនមានន័យថា ចង់ប្រឆាំងអ្វីនោះទេ គឺរួមគ្នាអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលចំពោះបងប្អូនកម្មករ ហើយនឹងកាត់បន្ថយនូវជម្លោះនានាផងដែរ៕